ភ្នំពេញ៖ លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា បានប្ដេជ្ញាពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ ជាមួយកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-16-56-681x1024.jpg)
ការប្តេជ្ញារបស់លោកស្រីទូតគុយបាខាងលើនេះ ក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-17-03-681x1024.jpg)
ក្នុងជំនួប លោកស្រីឯកអគ្គរដ្ឋទូត បានអបអរសាទរ រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោមការដឹកនាំ របស់សម្ដេចបវរធិបតី។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-17-00-681x1024.jpg)
ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត គូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងគុយបា និងកម្ពុជា ដែលរួមមាន ៖ វិស័យអប់រំ, សុខាភិបាល, កសិកម្ម, និងកីឡា និងបានប្តេជ្ញាខិតខំជំរុញ ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ឱ្យ កាន់តែ រីកចម្រើន បន្ថែម ទៀត។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-17-07-1024x681.jpg)
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ សាធារណរដ្ឋគុយបា ដែលបានគាំទ្រដល់កម្ពុជា នាពេលកន្លងមក រួមទាំងក្នុងអំឡុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ឆ្នាំ២០២៣។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-17-11-1024x681.jpg)
សម្ដេចធិបតី ក៏បាន វាយតម្លៃ ខ្ពស់ចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដ៏ល្អប្រសេីរ រវាង ប្រទេស ទាំងពីរ និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនធ្វើការជាមួយលោកស្រីឯកអគ្គរដ្ឋទូត និងលើកទឹកចិត្ត ឱ្យបន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដេីម្បីបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្ដានុពលថ្មីៗបន្ថែមទៀតផងដែរ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_08-17-15-1024x681.jpg)
នៅក្នុងជំនួបដដែរនេះ សម្តេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់ លើប្រធានបទអន្តរជាតិមួយចំនួន ក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិផងដែរ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)