ព័ត៌មានជាតិ

សម្តេចធិបតី ៖ ត្រូវរក្សាសន្តិភាព ខណៈកសាងកម្លាំង ទ័ពការពារជាតិ កុំឲ្យមានការប្រយុទ្ធគ្នាផ្ទៃក្នុង នាំឲ្យបែកបាក់ជាតិ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ឥទ្ធិពលនៃសង្គ្រាម មិនមែនសម្លាប់មនុស្ស តែក្នុងសង្គ្រាមនោះទេ តែសង្គ្រាមនៅបន្តសម្លាប់មនុស្សនៅកម្ពុជា ជាបន្តរហូតដល់បច្ចុប្បន្ន​ តាមរយៈការបន្សល់ទុក​នូវគ្រាប់មីនមិនទាន់ផ្ទុះ ទើបសម្តេចណែនាំឲ្យរួមគ្នាបន្តថែរក្សា សន្តិភាពតាមរយៈការដោះមីន និងការកសាងកម្លាំងកងទ័ព ដើម្បីការពារជាតិ កុំមកប្រយុទ្ធគ្នាផ្ទៃក្នុងបែកបាក់ជាតិ ។

ក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា នាថ្ងៃ១៩ តុលា សម្តេចធិបតី​ មានប្រសាសន៍ថា “សង្គ្រាមអត់ស្គាល់អ្នកស្ម័គ្រចិត្តទេ អត់ស្គាល់ពេទ្យទេ អឌ្ឍចន្ទក្រហម កាកបាទក្រហម គ្រាន់តែនៅតំបន់កាហ្សា គ្រាន់តែអ្នកស្ម័គ្រចិត្ត UN ជាង២០០នាក់ ត្រូវគេសម្លាប់ បាញ់ស្លាប់រួចទៅហើយ កាកបាទក្រហមដាក់ចូលអីហ្នឹង កាន់តែឃើញពីចម្ងាយតែម្តង អត់មានក្លែងភេទ គេមើលមិនឃើញអីទេ ។ សង្គ្រាមមិនស្គាល់ថាអ្នកស្ម័គ្រចិត្ត​ ឬអ្នកមិនស្ម័គ្រ ចិត្តនោះទេ ព្រោះសង្គ្រាមបង្កើតការមិនទុកចិត្ត ។ ចឹងអ្នក ស្ម័គ្រចិត្ត គេគិតថាអ្នកនឹងក្លែងភេទ បន្លំចូលទៅកន្លែងមិនត្រូវ សូម្បីតែអ្នកសារព័ត៌មានដូចគ្នាដែរ ចូលទៅគេបាញ់ស្លាប់ដូចតែគ្នាទេ” ។

ក្នុងនោះសម្តេចក៏បានលើកឡើង ជុំវិញបញ្ហាសង្គ្រាម ដែលបានកើតឡើងនៅកម្ពុជា បើទោះបីជាមានសន្តិភាពក៏ដោយ តែសំណល់សង្គ្រាមបានបន្តសម្លាប់មនុស្ស តាមរយៈគ្រាប់មីនមិនទាន់ផ្ទុះដែលកម្ពុជា បន្តដោះ បានជិត៣ពាន់គីឡូម៉ែត្រការ៉េ គិតមកដល់ពេលនេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “កិច្ចការទាំងអស់នេះ គឺបន្តធ្វើយ៉ាងណាថែរក្សាសន្តិភាព ដោះមីន កុំដាក់មីនបន្ថែម កសាងកម្លាំងកងទ័ពដើម្បីការពារជាតិ កុំមកប្រយុទ្ធគ្នាផ្ទៃក្នុងបែកបាក់ជាតិ ហើយនេះគឺជាកិច្ចការសំខាន់ ដែលខ្ញុំយកពេលនេះដើម្បីនិយាយ” ។

ការនិយាយពីសន្តិភាពនេះ បើទោះមានអ្នកណានិយាយថា សម្តេចនិយាយតែរឿងសន្តិភាពទៀតដដែលយ៉ាងណាក៏ដោយ ក៏សម្តេចអះអាងថា សម្តេចនឹងបន្តលើកយកបញ្ហាសន្តិភាព ការថែរក្សាសន្តិភាព មកនិយាយជាបន្តបន្ទាប់ ដោយសារសន្តិភាព​ មានតម្លៃខ្ពស់មិនអាចកាត់ថ្លៃបាន ។

សម្តេចធិបតី បន្តមានប្រសាសន៍ថា “សន្តិភាព ដូចខ្យល់ យើងអត់ឃើញទេ យើងអត់ដឹងថា នៅជុំវិញខ្លួន យើងមានតម្លៃប៉ុណ្ណា នោះទេ ព្រោះមើលមិនឃើញហើយ Free តាំងពីកើតមកមិន ដែលពីណាគិតលុយរឿងខ្យល់ទេ ប៉ុន្តែឥឡូវមិនបាច់ថា អស់ខ្យល់ទេ គ្រាន់តែខ្យល់ហ្នឹងមានជាតិពុលច្រើន ក៏ប៉ះពាល់សុខភាព យើងក៏គិតដែរ ។ ចឹងសន្តិភាព ដែលយើងនៅសុខ សប្បាយនេះ បើសិនជាវាបាត់ តែផ្នែកណាមួយ ឧទាហរណ៍ថា ​ប៉ៃលិនដាច់ទៅវិញចុះ ​បង្កើតតំបន់ អប្បគមន៍ ប្រទេសយើងចែកជាពីរចុះ ក៏មិនស្រួលដូចរាល់ថ្ងៃដែរ ។ ទឹកលិចយើងនៅរួមគ្នាដោះបាន ប៉ុន្តែបើសង្គ្រាមអត់ ទៅរួចទេ ដាច់ប្រទេសជាពីរ ។ នេះហើយដែលជាអ្វី ដែលយើងត្រូវថែរក្សាឲ្យបាន” ៕

To Top