ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ពិធីចូលកាន់តំណែង ប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

រូបភាព៖​ ដេីមអម្ពិល​ ​|​ ម៉ៅ​ ដារាត់

ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់ប្រធានាធិបតី Joko Widodo សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធធ្វេីឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាការតា។

អញ្ជើញ​អមដំណេីរសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងពិធីនេះរួមមាន នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមទាំងឥស្សរជន មួយចំនួនទៀត។

ការអញ្ជើញចូលរួមរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីចូលកាន់តំណែងនេះ នឹងបង្ហាញយ៉ាងច្បាស់ ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ៕

To Top