កំពង់ចាម៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាពច្រាំង ដែលបានបាក់ស្រុតចូលទៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិមាន់ដប់លើ (មុខវត្តមាត់ដប់ ) ឃុំមានជ័យ ស្រុកស្រីសន្ធរ។

បើតាមអាជ្ញាធរស្រុកស្រីសន្ធរ បានឲ្យដឹងថា ច្រាំងទន្លេដែលបានបាក់ស្រុតខាងលើ មានបណ្ដោយប្រវែងប្រមាណ ៨០ម៉ែត្រ និងបានបាក់ស្រុតចូលក្នុងទន្លេ ទទឹងប្រវែង ១៥ ទៅ ២០ម៉ែត្រ។ គ្រោះធម្មជាតិនេះដែរ ត្រូវបាន លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានបន្តចុះពិនិត្យច្រាំងទន្លេ ដែលបានបាក់ស្រុតនាពេលកន្លងមកផងដែរ ស្ថិតនៅព្រំប្រទល់ ឃុំមានជ័យ ដែលនៅសល់ចម្ងាយពីផ្លូវ 70B ប្រវែង ២ម៉ែត្រ ទៅ ៣ម៉ែត្រប៉ុណ្ណោះ។

ជាវិធានការ លោកមរដ្ឋមន្ត្រី បានចាត់ឲ្យមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ដើម្បីសិក្សាលទ្ធភាពក្នុងការស្តារ និងជួសជុលច្រាំងទន្លេឡើងវិញជាបន្ទាន់ផងដែរ ៕


 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									