ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកបណ្ឌិត Mohd Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) បានមានសុទិដ្ឋិនិយមដូចគ្នា ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌូនេស៊ី ។
ការបង្ហាញសុទិដ្ឋិនិយមដូចគ្នា រវាងសម្តេចធិបតិ និងលោក Mohd Jusuf Kalla ធ្វេីឡេីងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ។
![](https://dap-news.com/wp-content/uploads/2024/10/446-767x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/10/445-767x1024.jpg)
ក្នុងជំនួបនេះ សម្ដេចធិបតី បានសម្ដែង នូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយលោកប្រធានអង្គការ CAPDI ព្រមទាំងបាននាំយក នូវការផ្ដាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមិត្តចាស់របស់លោកជាយូរណាស់មកហើយ។
![](https://dap-news.com/wp-content/uploads/2024/10/443-768x1024.jpg)
សម្ដេចធិបតី ក៏បានអញ្ជើញ លោកប្រធានអង្គការ ចូលរួមក្នុង «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP» នៅខែវិច្ឆិកា ខាងមុខនេះ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ និងបានអញ្ជើញលោកចូលរួមរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ស្របពេលដំណាលគ្នា នៃសន្និសីទនេះផងដែរ។
![](https://dap-news.com/wp-content/uploads/2024/10/448-1024x681.jpg)
ទន្ទឹមនឹងនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនលោកប្រធានអង្គការ CAPDI អំពីតួនាទីដ៏មានសារៈសំខាន់ និងមិនអាចកាត់ថ្លៃបាន របស់ឥណ្ឌូនេស៊ី ក្នុងការស្វែងរកសុខសន្ដិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា នៅក្នុងទសវត្សឆ្នាំ១៩៨០ និង ១៩៩០ផងដែរ។
![](https://dap-news.com/wp-content/uploads/2024/10/4498-1024x682.jpg)
សម្ដេចធិបតី និងលោកប្រធានអង្គការ CAPDI មានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាព នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌូនេស៊ី និងបានពិភាក្សាអំពីការជំរុញ និងបង្កើតឱ្យមានយន្តការ ទំនាក់ទំនងនៅគ្រប់កម្រិត គ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌផ្លូវការ និងក្រៅផ្លូវការ, ក្របខ័ណ្ឌរដ្ឋាភិបាល និងរដ្ឋាភិបាល, វិស័យឯកជន និងវិស័យឯកជន, គណបក្សនិងគណបក្ស ដែលនេះជាកត្តារួមចំណែកដល់ភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
![](https://dap-news.com/wp-content/uploads/2024/10/447-1024x682.jpg)
សម្ដេចធិបតី និងលោកប្រធានអង្គការ CAPDI ក៏បានពិភាក្សាអំពីការជំរុញការតភ្ជាប់ប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងរវាងវិនិយោគិន និងវិនិយោគិន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការជំរុញវិស័យទេសចរណ៍ ពិសេសការជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ និងសម្បូរណ៍បែប ពីគោលដៅទេសចរណ៍សំខាន់ៗរវាងកម្ពុជា និងឥណ្ឌូនេស៊ី។
បន្ថែមលើនោះ សម្តេចធិបតី និងលោកប្រធាន CAPDI ក៏បានផ្លាស់ប្ដូរទស្សនទាន អំពីបញ្ហាតំបន់ និងអន្តរជាតិ ដោយផ្ដោតលើ ការកសាងសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ សំដៅធានាបាននូវការអភិវឌ្ឍរីកចម្រើន និងការលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)