ព័ត៌មានជាតិ

ឯកឧត្ដម សាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ

ភ្នំពេញ ៖ ក្នុងឱកាស ដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លា ចម្រើនវយវឌ្ឍនាការគម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្ដម សាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សូមគោរព អនុញ្ញាតសម្ដែងនូវសេចក្ដីគោរពប្រណិប័តន៍ កតញ្ញុតា-កតវេទិតា ប្រកបដោយ មនោសញ្ចេតនា សោមនស្សរីករាយក្រៃលែងបំផុត ជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាន សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្ម ដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជា ឱ្យរីកចម្រើនរុងរឿងតទៅ ។

រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតឈ្លាសវៃ និងមានជវភាពរបស់ សម្ដេចធិបតី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់-កាលទី១ ដោយមានកម្មវិធីគោល នយោបាយអាទិភាព៦ និងវិធានការគន្លឹះ៥ ព្រមទាំងគោលនយោបាយជាច្រើនទៀត បានបង្ហាញឱ្យ ប្រជាពលរដ្ឋខ្មែរ គ្រប់គ្នាបានឃើញយ៉ាងប្រត្យក្ស អំពីចក្ខុវិស័យវែងឆ្ងាយ និងឆន្ទៈមុតមាំ យ៉ាងមុតស្រួចចាក់ជ្រៅ នៅក្នុងការអភិវឌ្ឍ ប្រទេសជាតិ ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឱ្យក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ។

សម្ដេចធិបតី បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធ និងសេចក្ដីសុខផ្ទាល់ខ្លួនមកបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ធ្វើឱ្យកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និង សេដ្ឋកិច្ចរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងរក្សាបាននូវលទ្ធិប្រជាធិបតេយ្យ ឯករាជ្យជាតិ និងបូរណភាពទឹកដី យ៉ាងល្អបំផុត ជាពិសេសបានដឹកនាំជីក ព្រែក «ព្រែកជីកហ្វូណនតេជោ» ដែលជាព្រែកជីកប្រវត្តិសាស្រ្តលើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្ដល់ឧត្ដមប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងប្រជាជនខ្មែរយើងដ៏មហាសាល ។

ខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តា តាមជួយបីបាច់ថែរក្សាប្រោះព្រំ នូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តី សុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខុមាលភាព ល្អបរិបូរណ៍ និងសូមប្រកប ដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ៕

To Top