ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា​ -ថៃ ឯកភាពគ្នា បន្តពង្រឹងនិងលើកកម្ពស់ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តាមព្រំដែន

ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា-ថៃឯកភាពគ្នា បន្តពង្រឹងនិងលើកកម្ពស់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តាមព្រំដែន ដើម្បីជំរុញវិស័យ ពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន ព្រមទាំងវាយតម្លៃខ្ពស់ លើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញទទួលទានអាហារ ពេលព្រឹកពិភាក្សាការងារ ជាមិត្តភាព ជាមួយ លោក វ៉ាន់ មូហាម៉ាត់ ណ័រ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា និងជាប្រធានសភា តំណាងរាស្រ្ត នៃព្រះរាជាណាចក្រថៃ នៅក្នុងឱកាសចូលរួមមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៥ នៅក្នុងប្រទេសឡាវ ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ជំនួបទ្វេភាគីនាឱកាសពេលនេះ បង្ហាញពីការអនុវត្ដជាក់ស្តែងនូវអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ថ្មីៗនេះ ក្នុងពេលដែលសម្តេចរដ្ឋសភាធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១១-១២ ខែកក្កដា កន្លងទៅ។

នៅក្នុងឱកាសនេះថ្នាក់ដឹកនាំរដ្ឋសភា ប្រទេសទំាងពីរក៏បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពដ៍រឹងមាំ រវាងប្រទេសទំាងពីរ រដ្ឋសភាប្រទេសទំាងពីរ ក៏ដូចជាការភ្ជាប់ទំនាក់ទំនង ប្រជាជន និងប្រជាជន នៃប្រទេសទំាងពីរផងដែរ ។ ការជួបប្រាស្រ័យទាក់ទងជាមួយគ្នា គឺជាចំនុចវិជ្ជមានដ៏ល្អ នៅក្នុងការពង្រឹងសន្តិភាព វិបុលភាព និងការរីកចម្រើន ប្រកបដោយចីរភាព មិនត្រឹមសម្រាប់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែសម្រាប់តំបន់និង សកលផងដែរ ។

លោក វ៉ាន់ មូហាម៉ាត់ណ័រ មៈថា សម្តែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភាសារជាថ្មីនៅក្នុងឱកាសនេះ។
លោកបានលើកឡើងថា កាលពីអំឡុងពេលចូលរួមកិច្ចប្រជុំទល់មុខរវាងអាស៊ាន និងអាយប៉ាកាលពីសប្តាហ៍កន្លងទៅ លោកក៏បានជួបពិភាក្សា ការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ ។

ប្រធានរដ្ឋសភាថៃបានសម្តែងការគំាទ្រ និងអបអរសាទរ ចំពោះគោលដៅអភិវឌ្ឍន៍ របស់កម្ពុជា ដែលកំពុងឈានឆ្ពោះទៅកាន់ប្រទេស ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ប្រធានរដ្ឋសភាបានបញ្ជាក់ថា ប្រជាពលរដ្ឋថៃ ប្រមាណ២លាននាក់ បានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំកន្លងទៅ ហើយអ្នកវិនិយោគទុនថៃ ពេញចិត្តនៅក្នុងការវិនិយោគនៅកម្ពុជាពីព្រោះពួកគេទទួលបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា ។ រាជរដ្ឋាភិបាលថៃ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ នៅក្នុងកិច្ចការពារ គំាទ្រពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានថ្លែងអំណរគុណ ដល់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលថៃ ដែលបានគំាពារពលករខ្មែរ កំពុងធ្វើការនៅក្នុង ប្រទេសថៃ ។ សម្តេចបានថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ដែលបានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា បានសិក្សានៅប្រទេសថៃ ព្រមទាំងបានបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាចំនួនពីរ នៅក្នុងខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ និងមណ្ឌលសុខភាព នៅខេត្តរតនគីរី ។

នៅក្នុងឱកាសនោះ សម្តេចបានពាំនាំមកនូវបណ្តាំសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះ ឯកឧត្តមប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំប្រទេសថៃផងដែរ ។

សម្តេចរដ្ឋសភាធិបតី ក៏បានសម្តែង នូវការអបអរសាទរជូនចំពោះលោកស្រី ផែ ថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែលត្រូវបានព្រះមហាក្សត្រថៃ បានឡាយព្រះហស្ថលេខាតែងតាំងជានាយករដ្ឋមន្រ្តី កាលពីទី១៦ ខែសីហា ឆ្នាំ២០២៤។

សម្តេចប្រធានរដ្ឋសភា បានស្នើដល់ឯកឧត្តមវ៉ាន់ មូហាម៉ាត់ ណ័រ មៈថា កៀរគរអ្នកវិនិយោគទុន និងទេសចររបស់ថៃ មកទស្សនានិងវិនិយោគនៅកម្ពុជា បន្ថែមទៀត ។

សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ពិសេសតាមបន្ទាត់ព្រំដែន នៃប្រទេសទំាងពីរ ដើម្បីបង្កភាពងាយស្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ ហើយរំពឹងថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរនឹងសម្រេចបាន១៥ ពាន់លានដុល្លារ ។

ថ្នាក់ដឹកនាំប្រធាន រដ្ឋសភាទំាងពីរ បន្តប្តេជ្ញាលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រដ្ឋសភាកម្ពុជានិងថៃ ឱ្យកាន់តែរឹងមាំនិងស៊ី ជម្រៅគ្រប់ជ្រុង ជ្រោយបន្ថែមទៀត ទំាងក្របខណ្ឌទ្វេភាគីនិងពហុគីភាគី តាមរយៈការអនុវត្តអនុស្សរណៈ នៃការយោគយល់ ដែលបានចុះហត្ថលេខា ទទួលបានលទ្ធផលជាក់ស្ដែង រួមចំណែកដល់ការអនុវត្ដ ”កិច្ចសហប្រតិបត្ដិការភាពជាដៃគូយុទ្ធសាស្រ្ដ” រវាងកម្ពុជានិងថៃដោយយកពលរដ្ឋជាស្នូល។
ក្នុងឱកាសនោះដែរភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តាមព្រំដែន ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជន និងប្រជាជន ព្រមទាំងវាយតម្លៃខ្ពស់ លើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស៕

To Top