ព័ត៌មានជាតិ

សម្តេចធិបតី ជំរុញឱ្យបន្ថែម ការហាត់ក្បាច់គុនបុរាណខ្មែរ នៅតាមសកលវិទ្យាល័យ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យលោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជំរុញការហ្វឹកហាត់ ក្បាច់គុនបុរាណខ្មែរ ឱ្យបានច្រើនបន្ថែមទៀត នៅតាមក្លឹបរបស់សកលវិទ្យាល័យ ដើម្បីជួយផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានច្រើន ។

ថ្លែងក្នុងឱកាសអញ្ជើញបិទការប្រកួត​យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី​ បានជំរុញឱ្យជួយផ្សព្វផ្សាយក្បាច់គុនខ្មែរ ទាំងក្នុងប្រទេសនិងក្រៅប្រទេស​ ដើម្បីឱ្យក្បាច់គុនខ្មែរល្បីល្បាញ និងកូនខ្មែរបានស្គាល់ឡើងវិញ នូវក្បាច់គុនមួយចំនួន ដែលមានតែនៅតាមសហគមន៍ ។

ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា “ការដាក់ឱ្យអនុវត្ត ដែលយើងជំរុញ រុញទៅតាមកងទ័ព កងយុទ្ធពលខេមរភូមិន្ទ ខាងប៉ូលីស ខាងក្លឹប ខាងសាលារៀន សង្ឃឹមថា នឹងជំរុញនៅក្នុងការប្រើប្រាស់ ដាក់ឱ្យហាត់ក្បាច់គុនខ្មែរ​ឱ្យបានច្រើនតទៅទៀត ឯកឧត្តម ហង់ ជួនណារ៉ុន សកលវិទ្យាល័យមានក្លឹបមានអី ហាត់ក្បាច់គុនខ្មែរថែមទៀត បន្តថែមទៀតដើម្បីប្រើប្រាស់ឱ្យបានច្រើន ផ្សព្វផ្សាយឱ្យបានច្រើន” ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏មិនហាមឃាត់ដែរ ចំពោះការហាត់ក្បាច់គុន ការ៉ាតេ តេក្វាន់ដូ ជាដើម តែសម្តេចចង់ឱ្យមានការបន្ថែម​ លើការហាត់ក្បាច់ គុនបុរាណខ្មែរ ៕

To Top