ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវក្នុងមហាសន្និបាតអាយប៉ា លើកទី៤៥ ឱ្យមានការ អនុវត្តជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច របស់អាស៊ានចំពោះប្រទេសមីយ៉ាន់ម៉ា ដើម្បីពង្រឹងឱ្យបាននូវឯកភាព មជ្ឈភាព និងតួនាទីជាទីភ្នាក់ងាររបស់អាស៊ាន។
សម្តេច បានគូសបញ្ជាក់ថា អាស៊ានត្រូវខិតខំប្រឹងប្រែង ដោយភាពក្លាហាន និងភាពច្នៃប្រឌិតថែមទៀត ក្នុងការជួយប្រជាជនមីយ៉ាន់ម៉ា ឱ្យមានលទ្ធភាពស្តារសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសខ្លួន។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_07-18-10-1024x682.jpg)
សម្តេច បានលើកឡើងបន្តថា តំបន់អាស៊ីអាគ្នេយ៍ កំពុងស្ថិតលើផ្លូវបំបែក ដែលនឹងក្លាយជាសមរភូមិ នៃការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយរវាងបណ្តា ប្រទេសមហាអំណាច ។ ដូច្នេះគប្បីមានស្មារតីប្រុងប្រយ័ត្នជានិច្ច ចៀសវាងការជាប់អន្ទាក់ ឬជាប់ជាមួយគូប្រជែង ភូមិសាស្ត្រនយោបាយ ឬ ក៏ក្លាយជាកូនអុក នៃមហាអំណាចណាមួយ។
សម្ដេច មានប្រសាសន៍ថា “យើងត្រូវចងចាំពីប្រវត្តិសាស្ត្ររបស់យើងថា បើយើងមិនរួមសាមគ្គីគ្នាទេ យើងនឹងបែកបាក់ ហើយយើងនឹងក្លាយជារដ្ឋចំណុះ ឬជាកូនអុកនៃមហាអំណាចខាងក្រៅមិនខាន ។ យើងត្រូវតែក្រោកឈរសាមគ្គីគ្នា ដើម្បីពង្រឹងអំណាចតំបន់ ដោយប្រើប្រាស់យន្តការពហុភាគី និយមក្នុងការទទួលបាននូវសន្តិភាព និងវិបុលភាពរបស់មនុស្សជាតិ តាមរយៈនិម្មាបនកម្មសន្តិភាពអន្តរជាតិ ប្រកបដោយបរិយាបន្ន”។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_07-18-14-1024x682.jpg)
សូមជម្រាបថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលកំពុងប្រារព្ធធ្វើនៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-21_07-18-06-1024x682.jpg)
ក្នុងបទអន្តរាគមន៍ ដែលមានរយៈជិត១០នាទី សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្តថា អាស៊ានត្រូវមានភាពបុរេសកម្ម ក្នុងការចូលរួមជាមួយដៃគូ សន្ទនារបស់ខ្លួន ដោយផ្តល់អាទិភាព ដល់ប្រយោជន៍ស្នូល របស់អាស៊ាន និងរក្សាបាន នូវអំណាចកោះប្រជុំ និងអំណាចបទដ្ឋាន របស់អាស៊ាន ដែលជាការពង្រឹង គោលការណ៍សន្តិសហវិជ្ជមាន និងគោលការណ៍មិនជ្រៀតជ្រែក ។ ការរក្សាឯករាជ្យភាពនយោបាយ ស្វ័យភាពជាយុទ្ធសាស្ត្រ ក៏ដូចជាការពង្រឹងមជ្ឈភាព និងពង្រីកស្ថាប័នសមូហភាពរបស់យើង គឺជាការរក្សាបាននូវការ រស់រានមានជីវិតរបស់អាស៊ាន៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)