ព័ត៌មានជាតិ

សម្តេចធិបតី ចាត់ទុកការប្រកួត​ យុទ្ធគុនចម្រុះបុរាណខ្មែរ ជាការរួមបញ្ចូលការអភិវឌ្ឍន៍ និងការអភិរក្សជាមួយគ្នា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការនូវក្តីរំភើបចំពោះការរៀបចំ ឱ្យមាន “ការប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចបវរធិបតី” ដែលបានរួមបញ្ចូលក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ក្នុងឱកាសតែមួយ ដែលសម្តេចបានចាត់ទុកការប្រកួតនេះ ជាការរួមបញ្ចូលនូវការអភិវឌ្ឍន៍ និងការអភិរក្សជាមួយគ្នា ។

ថ្លែងក្នុងឱកាសអញ្ជើញបិទការប្រកួត​យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី” នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានសម្តែងនូវការកោតសរសើរ ចំពោះការរៀបចំ ចងក្រង ជាពិសេសការបង្ហាញនូវសិល្បៈគុនខ្មែរជាច្រើនទម្រង់របស់ យុវជន កីឡាករ កីឡាការិនី និងចាស់ព្រឹទ្ធាចារ្យមកពីគ្រប់មជ្ឈដ្ឋាននានា លើទឹកដីកម្ពុជា ។

ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “កិច្ចការធំបំផុតគឺយើងចង់បង្ហាញអំពីភាពសម្បូរបែប អំពីក្បាច់គុនរបស់យើង ខ្ញុំអរគុណណាស់ ហើយជាពិសេសពេលបិទចុងក្រោយអម្បាញ់មិញនេះ គឺនិយាយរួមខ្ញុំរំភើបចង់ស្រក់ទឹកភ្នែក ព្រោះឃើញក្បាច់គុន និយាយរួមសង្ខេបខ្លីតែម្តង នៅក្នុងការសម្តែង តែប្រហែលមិនដល់១០នាទីនេះ ឃើញទម្រង់ផ្សេងៗ សិល្បៈ យើងមានល្ខោនខោល យើងមានរបាំអប្សរា ផ្គុំជាមួយនឹងក្បាច់គុន របស់យើង សុទ្ធតែអ្វីដែលដូនតាយើងរៀបចំអោយទាំងអស់ អត់មានត្រូវការបំបែកគ្នា សិល្បៈវប្បធម៌ក្បាច់គុនទេ គឺនៅជាធ្លុងមួយ គ្រប់ប្រភេទនៃទម្រង់ សិល្បៈ ប្រភេទនៃទម្រង់ ក្បាច់គុនមកជាមួយគ្នា អ្នកហាត់ក្បាច់គុណ ព្រឹទ្ធាចារ្យ ក្បាច់គុនគ្រប់ជំនាន់ ច្រើនជំនាន់ចូលជាមួយគ្នានៅថ្ងៃនេះ នេះហើយការសម្តែង ជាពិសេស​នៅក្រោមទង់ជាតិប្រាសាទអង្គរវត្តរបស់យើង នេះហើយស្មារតីដែលយើងចង់បង្ហាញ ភាពសប្បូរបែបនៃក្បាច់គុន វប្បធម៌បុរាណដូនតារបស់យើង ដែលយើងចូលគ្នា ខ្ញុំសូមអរគុណណាស់ ចំពោះការរៀបចំនេះ” ។

ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា “នេះជាការឆ្នៃប្រឌិត ប៉ុន្តែឆ្នៃប្រឌិតផ្អែកលើអត្តសញ្ញាណខ្មែរ នេះហើយការអភិវឌ្ឍ និងការអភិរក្សជាមួយគ្នា នឹងហើយដែលយើងធ្វើ” ។

សូមរំលឹកថា ការប្រកួតយុទ្ធ គុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចបវរធិបតី រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។ ការប្រកួតនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៧២២នាក់៕

To Top