ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង១០៥ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពិនិត្យសំណើ និង សំណូមពរណា ដែលស្នើរមកថ្នាក់រាជធានី ត្រូវតែជាសំណើរ និងសំណូមពរ ដែលថ្នាក់ខណ្ឌ សង្កាត់ បានប្រឹងប្រែងអនុវត្ត អស់ពីសមត្ថភាព ដែលមិនមែនជាសំណើ និងសំណូមពរ ដែលខ្លួនឯងមិនទាន់បានអនុវត្តនោះទេ ។
ក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការគូសបញ្ជាក់ ដល់មន្ត្រីរបស់ខ្លួនថា ក្នុងនាមថ្នាក់ដឹងនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែជាអ្នកបំរើរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកបំរើរបស់ប្រជាពលរដ្ឋ ត្រូវតែដឹងអោយបានគ្រប់ជ្រុងជ្រោយ ពីសុខទុក្ខនិងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ហើយនាំគ្នាដោះស្រាយជូនពលរដ្ឋ បើដោះស្រាយអស់ពីលទ្ធភាព ឬគ្មានលទ្ធភាពដោះស្រាយ ត្រូវតែសុំការអន្តរាគមន៍ ពីរដ្ឋបាលរាជធានី កុំស្នើសុំអន្តរាគមន៍ទាំងខ្លួនឯង មិនទាន់បានអនុវត្តនោះទេ។
ជាមួយគ្នានេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី បានលើកឡើងថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺដើម្បីពិគ្រោះពិភាក្សារួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រេចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ប្រធានក្រុមប្រឹក្សារាជធានី បានបញ្ជាក់ថា វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ រៀបចំឡើងដើម្បីបូកសរុបវឌ្ឍនភាព ពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈម និងសំណើ សំណូមពរនានា ពីថ្នាក់សង្កាត់ទាំង១០៥ និងថ្នាក់ខណ្ឌទាំង១៤ ឈានទៅបូកសរុបរបាយការណ៍អំពីលទ្ធផល នៃវេទិកាថ្នាក់រាជធានី ដាក់ជូន គ.ជ.អ.ប ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហានានា មុននឹងដាក់ស្នើបញ្ហា ប្រឈមដែលនៅសេសសល់ ទៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពិនិត្យ ពិភាក្សា និងដោះស្រាយរួម ។
លោក ម៉ប់ សារិន បានបន្តទៀតថា វេទិកានៅថ្នាក់រាជធានីភ្នំពេញ នឹងផ្តោតទៅលើខ្លឹមសារសំខាន់ៗ លើការដោះស្រាយនូវស្ថានភាព និង បញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងការអនុវត្តការងារ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនាពេល កន្លងមកដូចជា រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងាររបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ មុខងារជាអាណត្តិ និងមុខងារដែលបានផ្ទេររបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ ធនធានមនុស្សរបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ ធនធានហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់៕