ព័ត៌មានជាតិ

 អភិបាលខេត្តកំពង់ធំ ចែកស្រូវពូជ ជូនប្រជាពលរដ្ឋ ដែលរង​ផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីស្តារលទ្ធភាព ការដាំដុះឡើងវិញ ក្រោយរដូវទឹកសម្រក!

កំពង់ធំ ៖ រាជរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយជាបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមចែកពូជស្រូវ ចំនួន១០៩.៥០០​គីឡូក្រាម ជូនប្រជាពលរដ្ឋចំនួន៧១៥នាក់ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក នៅក្នុងខេត្តកំពង់ធំ ដើម្បីស្តារលទ្ធភាពការដាំដុះឡើងវិញ ក្រោយរដូវទឹកសម្រក ។

ថ្លែងក្នុងពិធីនោះដែរ លោក នួន ផារ័ត្ន បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា បានផ្ដល់ស្រូវពូជ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង កន្លងទៅថ្មីៗនេះ ចាប់ផ្តើមមានភ្លៀងធ្លាក់ តាំងពីចុងខែកក្កដា បានធ្វើឱ្យខេត្តកំពង់ធំ ទទួលរងនូវគ្រោះជំនន់ទឹកភ្លៀង បានប៉ះពាល់ចំនួន០២ស្រុក គឺស្រុកបារាយណ៍ មានប្រជាពលរដ្ឋដែលរងគ្រោះសរុប៣១៥នាក់ ទទួលបានស្រូវពូជចំនួន៣១.៥០០គីឡូក្រាម និងស្រុកសន្ទុកមានប្រជាពលរដ្ឋ ដែលរងគ្រោះចំនួន៤០០នាក់ ទទួលបានស្រូវពូជ៧៨.០០០គីឡូក្រាម ហើយផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវជនបទមួយចំនួន ទទួលរងការខូចខាត ប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត ។ 

លើសពីនេះទៀត រដ្ឋបាលខេត្តកំពង់ធំ បានត្រៀមប្រចាំការ និងចុះពិនិត្យមើលទីតាំងដែលកំពុងតែប្រឈម និងរងគ្រោះទឹកជំនន់ជាប្រចាំ ព្រមទាំងបានធ្វើការផ្សព្វផ្សាយ ដល់សាធារណៈជន និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ ដើម្បីឱ្យប្រជាជនមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ទុកជាមុន ។ ការផ្ដល់ពូជស្រូវ ជូនបងប្អូនប្រជាកសិករនាពេលនេះ គឺដោយការមើលឃើញពីទុក្ខលំបាក របស់បងប្អូនប្រជាកសិករ ដែលទទួលរងផល ប៉ះពាល់ ដោយសារ គ្រោះទឹកជំនន់ ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ដំណាំស្រូវ របស់បងប្អូន ចំពោះគ្រួសារដែលត្រូវបានជ្រើសរើស ដោយឆ្លងកាត់ តាមការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋាន និង មានដំណោះស្រាយជាបន្ទាន់ សម្រាប់ផ្ដល់ជូនពូជស្រូវ ដល់គ្រួសារដែលមានដីស្រែអាទិភាព អាចស្ដារឡើងវិញបាន ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក ដែលនេះបង្ហាញពីការយល់ចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា៕ដោយសំនៀង

To Top