ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ដាក់ចេញផែនការកំណែទម្រង់ លើកងកម្លាំងនគរបាលជាប់ជាប្រចាំ

បាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឱ្យដឹងថា ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើ កងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល នាឱកាសអញ្ជើញជាតំណាង នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី២ ដល់សិស្សនគរបាលជ័យលាភី សរុបចំនួន ១៧៩នាក់ នៅសាលានគរបាលជាតិភូមិភាគ ៥ ខេត្តបាត់ដំបង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើមនៃពិធីបិទវគ្គនេះ លោកវរសេនីយ៍ឯក ឈួន សុវណ្ណារ័ត្ន នាយកសាលានគរបាលជាតិភូមិភាគ៥ បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល។

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល បានលើកឡើងថា «ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងបានដាក់ចេញនូវផែនការកំណែទម្រង់លើ កងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្ដោតសំខាន់ ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល»។

ទន្ទឹមនេះដែរ លោកឧត្តមសេនីយ៍ឯក បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យ កត់សម្គាល់របស់សាលានគរបាលជាតិភូមិភាគ៥ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលក្នុងយុគ សម័យនៃសន្តិភាព និងប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវការនៃ ការបណ្តុះបណ្តាលប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការ គោរពក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិង ទស្សនៈវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពេលនោះដែរ លោក បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែក ជាមួយក្រសួងមហាផ្ទៃក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៥។

លោក ក៏បានថ្លែងកោតសរសើរដល់សិស្សនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យរបស់សាលាបានល្អ រហូតទទួលបានជោគជ័យ ព្រមទាំងបានផ្ដាំផ្ញើដល់ប្អូនៗឱ្យ យកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាព និងសង្គមជាតិ៕

To Top