ព័ត៌មានជាតិ

ប្រជុំផ្សព្វផ្សាយបទបញ្ជាថ្មីៗ របស់សម្ដេចធិបតី ដើម្បីពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

កំពង់ធំ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាថ្មីៗមួយចំនួន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងសភាព ការណ៍ថ្មី ដែលកិច្ចប្រជុំផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរង ទទួលបន្ទុកអប់រំចិត្តសាស្ត្រ ច្បាប់  និងអ្នកនាំពាក្យរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពី ការគ្រប់គ្រងពង្រឹងវិន័យ ស្របតាមលក្ខន្តិកៈ និងច្បាប់ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ។

យោធិនគ្រប់រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានគោរពប្រតិបត្តិតាមច្បាប់ និងវិន័យ របស់កងយោធពលខេមរភូមិន្ទ បានល្អប្រសើរ ដោយមិនមានយោធិណាម្នាក់ប្រព្រឹត្តខុសច្បាប់ ហើយត្រូវបានច្បាប់ដាក់ទោសនោះឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព យោធិនគ្រប់រូប ដែលបានខិតខំបំពេញតាមតួនាទីភារកិច្ច ដែលថ្នាក់លើ បានប្រគល់ជូន ប្រកបដោយការគោរពវិន័យនិងសេចក្តីថ្លៃថ្នូរ  របស់កងយោធពលខេមរភូមិន្ទ បានយ៉ាងល្អប្រសើរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានផ្សព្វផ្សាយនូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ ៧០  ស្ដីពីការចូលរួមសហប្រតិបត្តិការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី និងស្ថាប័នជំនាញមានសមត្ថកិច្ច ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានលទ្ធផលល្អ ព្រមទាំងបានដាក់បទបញ្ជាដាច់ខាតមិនឱ្យមានការកើតឡើងជាថ្មី នៅការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ។ ហើយនឹងត្រូវចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងការប្រយុទ្ធប្រឆាំងនឹងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ឱ្យទទួលបានជោគជ័យ និងបានណែនាំដល់យោធិនគ្រប់រូប នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តអនុវត្តន៍ឲ្យបានមុឺងម៉ាត់តាមតួនាទីភារកិច្ច និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ សំនៀង

To Top