ព័ត៌មានជាតិ

គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ចូលរួមគាំទ្របណ្តុះគំនិតស្អាត បៃតង និងចីរភាព នៅកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួង ប្រតិភូថ្នាក់ដឹកនាំគណបក្ស នយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិល បានរួមគ្នាបង្ហាញការប្តេជ្ញាចិត្ត ចូលរួមដោះស្រាយ បញ្ហាវិបត្តិបរិស្ថាន ជាពិសេសចូលរួមអនុវត្ត តាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ការធានាឱ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាព ដែលជាកត្តាចាំបាច់ក្នុង ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងស្វាគមន៍ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីអនាគតកម្ពុជាស្អាត បៃតង និងធ្វើឱ្យផ្ទះយើងទាំងអស់គ្នា មានការអភិវឌ្ឍកាន់តែរឹងមាំ មានការរីកចម្រើន ប្រកបដោយចីរភាព។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ជាមួយ តំណាងគណបក្ស នយោបាយនិងសម្ព័ន្ធអង្គការសង្គមស៊ីវិល អំពីការសហការគ្នា ធ្វើយ៉ាងណា ជំរុញ ភាពស្អាត ទាំងក្នុង និងខាងក្រៅ ទាំងនៅលើដែន គោក ដែនទឹក និងដែនអាកាស ដែលផ្លាស់ប្តូរ ឥរិយាបថ នៃការរស់នៅថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ គឺជាការទាក់ទាញយ៉ាងសំខាន់ សម្រាប់ភ្ញៀវទេសចរនិងការ វិនិយោគកាន់តែច្រើនឡើងមកប្រទេសកម្ពុជា ធ្វើឱ្យកម្ពុជាមានភាព ល្បីរន្ទឺលើឆាកអន្តរជាតិ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ការចូលរួមពីអ្នកស្រឡាញ់បរិស្ថានពិតប្រាកដ គឺស្រឡាញ់កម្ពុជា មិនធ្វើនយោបាយធ្វើបាបខ្មែរ ធ្វើឱ្យខ្មែរអាប់ឱនកិត្តិយសនោះទេ ការចូលរួមគ្នាដើម្បីកម្ពុជាស្អាត គឺធ្វើឱ្យផ្ទះរបស់យើងទាំងអស់គ្នាស្អាត។

លើសពីនេះ លោករដ្ឋមន្រ្តីបានជំរុញ ឱ្យតំណាងគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិលទាំងអស់ ចូលរួមដាំដើមឈើឱ្យបានច្រើន ជាពិសេសចូលរួមដាំដើមត្នោត ដើម្បីថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ បង្កើតគម្របបៃតងនៅកម្ពុជា និងជាកំណប់ទ្រព្យ ទុកឱ្យកូនចៅបន្ថែមទៀត។

សូមបញ្ជាក់ថា ថ្វីបើតំណាងគណបក្ស នយោបាយ មាននិន្នាការផ្សេងៗគ្នាក៏ពិតមែន តែចំពោះការងារវិស័យបរិស្ថានវិញ បែរជាធ្វើឱ្យអ្នកមាននិន្នាការផ្សេងៗគ្នា ងាកមកធ្វើការជាមួយគ្នាទៅវិញ កត្តានេះបានសរបញ្ជាក់ឱ្យឃើញថា បរិស្ថានគ្មានការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយឡើយ ពីព្រោះថាគ្រោះធម្មជាតិ ដែលកើតឡើងហើយ គឺតែងតែផ្តល់ ទុក្ខទោសឱ្យមនុស្ស សត្វ និងធម្មជាតិ ដោយគ្មាន ការលើកលែង នៅទូទាំងសកល លោក ។ នេះជាលើកទី១ ហើយ ដែលប្រជាពលរដ្ឋខ្មែរបានឃើញ បានលឺអំពីចំណុចស្របស៊ីគ្នា រវាងតំណាងគណបក្ស នយោបាយ ដែលមាននិន្នាការផ្សេងៗគ្នា តែមកធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព៕

To Top