ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ ២សប្តាហ៍ ចុងក្រោយនេះ ករណីល្បែងស៊ីសង មានការថយចុះគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ ក្នុងរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ករណីល្បែងស៊ីសងនៅ ទូទាំងប្រទេស មានការថយចុះជាលំដាប់ ពោលគឺមានមិនដល់ ១០ករណីនោះឡើយ ។ នេះបើតាម បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។

ការថយចុះនេះ បើតាមបណ្ឌិត ទូច សុឃៈ គឺដោយសារការ យកចិត្តទុក ដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលដាក់ចេញ វិធានការ យ៉ាងម៉ឺងម៉ាត់បំផុត ជំរុញ ឱ្យផ្នែកពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ បង្កើននូវការអប់រំផ្សព្វផ្សាយ គ្រប់រូបភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់។

លោកបណ្ឌិត បានបន្ថែមថា ជាប្រការមិនអាចមើលរំលងបាន គឺការយកចិត្តទុកដាក់បំពេញតួនាទី និងទទួលអនុវត្តបទបញ្ជា ប្រកបដោយឆន្ទៈរបស់អាជ្ញាធរ និងកងកម្លាំងនៅតាមមូលដ្ឋាន ដោយក្នុងនោះក៏មាន ការរួមចំណែកល្បាត និងផ្ដល់ព័ត៌មានពីក្រុមប្រជាការពារផងដែរ។

ការដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់ គឺជាការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំបញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន រួមទាំងនគរបាលជាតិ យកចិត្តទុកដាក់អនុវត្ត ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា។

សឹងតែគ្រប់វេទិកាសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រមុខក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋ កុំលេងល្បែងស៊ីសង ទាំងល្បែងកន្ទុយលេខ បៀ អាប៉ោង ជល់មាន់ និងល្បែងភ្នាល់ផ្សេងៗ ពីព្រោះទង្វើនេះមិនត្រឹម តែខាតបង់ទ្រព្យសម្បត្តិនោះទេ វាក៏នាំឱ្យខាតពេលវេលា បាត់សុភមង្គលគ្រួសារ និងនាំឱ្យមានអំពើលួច ឆក់ ប្លន់ផងដែរ៕

To Top