ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ នាំយកពូជស្រូវជិត ២០០តោន របស់សម្តេចធិបតី ចែកជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់

ខេត្តកំពង់ធំ: លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមការងារ បានបន្តចុះសួរសុខទុក្ខ នាំយកស្រូវពូជប្រមាណជិត ២០០តោន ជាជំនួយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្យ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅចែកជូនប្រជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន ១.៤៨៨គ្រួសារ ក្នុងស្រុកចំនួន ៤ រួមមាន ស្រុកបារាយណ៍ សន្ទុក សណ្តាន់ និងស្រុកប្រាសាទសំបូរ ដើម្បីស្តារលទ្ធភាពការដាំដុះឡើងវិញ ក្រោយរដូវទឹកសម្រក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។

ថ្លែងនាឱកាសនោះ លោក នួន ផារ័ត្ន បានមានប្រសាសន៍ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងដោះស្រាយឲ្យបានទាន់ពេលវេលា ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

លោក នួន ផារ័ត្ន បានលើកឡើងថាដោយមានការ យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា បានផ្ដល់ស្រូវពូជជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងកន្លងទៅថ្មីៗនេះ ចាប់ផ្តើមមានភ្លៀងធ្លាក់តាំងពីចុងខែកក្កដា បានធ្វើឱ្យខេត្តកំពង់ធំ ទទួលរងនូវគ្រោះជំនន់ទឹកភ្លៀង បានប៉ះពាល់ចំនួន០៨ក្រុង/ស្រុក ថ្ងៃនេះយើងចែកចំនួន ៤ស្រុក ហើយស្រុកដែលនៅសល់ នឹងបន្តចែកនៅថ្ងៃបន្ទាប់។

លោក នួន ផារ័ត្ន បន្ថែមទៀតថា គ្រោះទឹកជំនន់នេះមិនមែន ប៉ះពាល់តែលើដំណាំត្រូវប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវជនបទមួយចំនួន ប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត ។ កន្លងមក រដ្ឋបាលខេត្តកំពង់ធំ បានត្រៀមប្រចាំការ និងចុះពិនិត្យមើលទីតាំងដែលកំពុងតែប្រឈម និងរងគ្រោះទឹកជំនន់ជាប្រចាំ ព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់សាធារណៈជន និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ ដើម្បីឱ្យប្រជាជនមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុន។ ការផ្ដល់ពូជស្រូវជូនបងប្អូនប្រជាកសិករនាពេលនេះ គឺដោយការមើលឃើញពីទុក្ខលំបាក របស់បងប្អូនប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ដំណាំស្រូវ របស់បងប្អូន ចំពោះគ្រួសារដែលត្រូវបានជ្រើសរើស ដោយឆ្លងកាត់តាមការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋាន និងមានដំណោះស្រាយជាបន្ទាន់ សម្រាប់ផ្ដល់ជូនពូជស្រូវដល់គ្រួសារ ដែលមានដីស្រែអាទិភាពអាចស្ដារឡើងវិញបាន ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា៕ ដោយសំនៀង

To Top