ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្តកំពង់ចាម ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ សំដៅការពារ ការអភិវឌ្ឍន៍ និងសុខមាលភាពរបស់ប្រជាជន

កំពង់ចាម ៖ សាខាកាកបាទក្រហមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានប្រារព្ធទិវាគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការគ្រប់គ្រងគ្រោះមហន្តរាយ សំដៅការពារ ការអភិវឌ្ឍន៍ និងសុខមាលភាពរបស់ប្រជាជន ។ ពិធីនេះ ប្រារព្ធធ្វើឡើង នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា ជាការពិត ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡាពាក់ព័ន្ធគ្នា ស្ទើរគ្រប់ទិដ្ឋភាព សេដ្ឋកិច្ចសង្គម ដែលធ្វើឡើងប្រកបដោយបរិយាបន្ន ។ ហេតុនេះ គ្រប់វិស័យ គ្រប់ផ្នែក សុទ្ធតែ មានការជាប់ពាក់ព័ន្ធ និងត្រូវចូលរួម ដោយផ្ទាល់ ឬ ដោយប្រយោល ក្នុងគ្រប់សកម្មភាព នៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយនេះ ។

បន្ថែមពីលើនេះ ការរួមចំណែកឧបត្ថម្ភគាំទ្រ ជាធនធាន សម្ភារ មធ្យោបាយ ថវិកា ដល់អាជ្ញាធរ ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ពីសំណាក់ប្រជាពលរដ្ឋ ដៃគូរអភិវឌ្ឍន៍ សប្បុរសជន នៅតែជាភាព ចាំបាច់ ដែលមិនអាចកាត់ផ្តាច់បាន ហើយមិនមែនត្រឹមតែជា កិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណែកមួយ ដើម្បី រួមគ្នាការពារសុខសន្តិភាព និង សេដ្ឋកិច្ចសង្គម របស់ជាតិយើងទាំងមូល ។

ទន្ទឹមក្នុងនោះ លោកអភិបាលខេត្ត បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវពង្រឹងសមត្ថភាព ក្នុង ការងារគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំធានាទាំងធនធានមនុស្ស មធ្យោបាយ សម្ភារ ថវិកា សម្រាប់ដំណើរការ ការងារ និង ត្រៀមឆ្លើយតបគ្រោះមហន្តរាយ ។

លោកស្រី ម៉ែន នារីសោភ័គ បានមានប្រសាសន៍ថា គ្រោះមហន្តរាយកើតឡើងមិនរើសអើងនោះទេ មិនថាប្រទេសក្រីក្រ ឬប្រទេសអ្នកមាន សុទ្ធតែកើតមានឡើងនូវគ្រោះមហន្តរាយដូចៗគ្នា ។ ដូច្នេះ យើងត្រូវធ្វើម៉េច ដើម្បីបង្ការ ទប់ស្កាត់ ពីផលប៉ះពាល់ដែលកើតឡើងពីក្រុមហន្តរាយផ្សេងៗនោះ។ ជាក់ស្ដែង ថ្ងៃនេះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បានប្រារព្ធទិវានេះឡើង ដើម្បីធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋយើង ឱ្យយល់ដឹងអំពីសារៈសំខាន់ ដើម្បីចូលរួមក្នុងការទប់ស្កាត់បញ្ជៀស និងបង្ការ ពីព្រោះថា ការឆ្លើយតបមានការចំណាយច្រើនជាងការទប់ស្កាត់ និងការបង្ការ ហើយក៏មានការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិត ប្រជាពលរដ្ឋយើងផងដែរប្រសិនបើមានគ្រោះមហន្តរាយកើតឡើង ៕

To Top