ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្តកំពង់ចាម នាំយកអំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋ ៣០០ គ្រួសារ នៅស្រុកជើងព្រៃ

កំពង់ចាម៖ ប្រធានសាខាកាកបាទក្រហម ខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា រួមជាមួយសហការី នៅព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៣០០គ្រួសារ នៅក្នុងបរិវេណ វត្ត ហៅ វត្តផ្តៅជុំ ឃុំផ្តៅជុំ មកពី ២ឃុំ គឺឃុំផ្តៅជុំ និងឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត  ដែលជានិច្ចកាល សម្ដេចទាំងទ្វេរ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ជួយសម្រាលទុក្ខលំបាកបានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ” ។

ទន្ទឹមនិងនោះ លោកប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ, ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ថែរក្សាសុខភាពឲ្យរឹងមាំ មានអាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិយើងបន្តទៀត ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៣០០ គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន ៖ អង្ករ២៥ គ.ក្រ . ទឹកត្រី ១យួរ, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ,  ត្រីខ ១០ កំប៉ុង, ឃីត ១កញ្ចប់, អាវយឺត ៤ និង ថវិកា ៣០,០០០ រៀល ៕

To Top