ភ្នំពេញ៖ ថ្នាក់ដឹកនាំខេត្តហឺណាន នៃប្រទេសចិន ដែលមានប្រជាជនប្រមាណ ១០០លាននាក់ នឹងជំរុញអ្នកទេសចររបស់ខ្លួន ឱ្យបាន១លាននាក់ក្នុង១ឆ្នាំ មកកាន់កម្ពុជា នៅក្នុងដំណាក់កាលដំបូង។
ការជំរុញនេះ ធ្វើឡើងតាមសំណើររបស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពេលដែលលោករដ្ឋមន្រ្តីជួបពិភាក្សាការងារ ជាមួយ លោកស្រី Zhang Min សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំខេត្តហឺណាន និងជាអភិបាលរងខេត្តហឺណាន និង លោក An Wei សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាលេខាគណៈកម្មាធិការ បក្សកុម្មុយនីស្តចិនក្រុងចឹងចូវ និងលោក Huang Dongsheng ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហឺណាន។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ជំនួបពិភាក្សាការងារខាងលើ ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីកត់សម្គាល់។ ដោយខេត្តហឺណាន ស្ថិតនៅភាគកណ្តាលនៃប្រទេសចិន មានប្រជាជនប្រមាណ ១០០លាននាក់ ដែលមានសក្តានុពលដ៏ធំធេងសម្រាប់ កម្ពុជាចាប់យកឱកាសក្នុងការជំរុញភ្ញៀវទេសចរមកពីខេត្តហឺណាន ដូច្នេះតបតាមការស្នើសុំរបស់ ហួត ហាក់ រដ្ឋបាលខេត្តហឺណាន និងក្រុងចឹងចូវ នឹងខិតខំជំរុញការផ្សព្វផ្សាយអំពី សក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យបាន ទូលំទូលាយ ទាំងនៅខេត្តហឺណាន និងខេត្ត ក្រុងដទៃទៀតនៅប្រទេសចិន ដើម្បីកៀរគរទេសចរមកពីខេត្តហឺណាននិងខេត្តជុំវិញ មកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូង ឱ្យបាន ១លាននាក់ ក្នុង ១ឆ្នាំ។
បន្ថែមលើនេះ ភាគីចិននឹងពិនិត្យលទ្ធភាព ក្នុងការជំរុញវិនិយោគិនចិន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រមទាំងជួយជំរុញក្នុងការបង្កើនជើងហោះហើរត្រង់ និងបង្កើតជើងហោះហើរថ្មីតភ្ជាប់ពីក្រុងសំខាន់ៗ របស់ខេត្តហឺណាន មកកម្ពុជា៕