ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ នៃក្រសួងមហាផ្ទៃ បន្តរក្សាស្ថានភាពល្អ និងរិះរកវិធីសាស្រ្តថ្មីៗ ដើម្បីពង្រឹងការងារ

ភ្នំពេញ ៖ ក្នុងពិធីប្រកាសសេចក្ដីសម្រេច និងស្ដាប់វឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងកិច្ចការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំក្រុមការងារបន្តរួមគ្នាថែរក្សាស្ថានភាពល្អ នៃការងារប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់នៅកម្ពុជា ខិតខំពង្រឹងគុណភាពធន ធានមនុស្ស និង រិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាព ក្នុងការងារប្រឆាំងការ សម្អាតប្រាក់ ដែលកាន់តែមានភាព ស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។

ភ្ជាប់នឹងការណែនាំនេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានរម្លឹកនូវមរតកស្នាដៃ របស់ថ្នាក់ដឹកនាំជំនាន់មុន ដែលចុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងដោយមាន សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ បានខិតខំដោះស្រាយការងារ ជាក់ស្ដែងជាច្រើន រហូតឈានដល់ការដកកម្ពុជា ចេញពីបញ្ជីប្រផេះលើការងារប្រឆាំងការសម្អាតប្រាក់។

សមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) សម្រាប់សហការជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា មានចំនួន១៧រូប។ នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធាន៨រូប ក្នុងនោះ ឧត្តមសេនីយ៍ឯក ហោ សំអាត ជាអនុប្រធានអចិន្រ្តៃយ៍។ ក្រុមការងារនេះ មានលេខាធិការដ្ឋានជាសេនាធិការ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ។ តួនាទី និងភារកិច្ចនៃយន្តការនេះ មានកំណត់ក្នុងប្រកាស ក្រសួងមហាផ្ទៃ លេខ៣៩២៥ ស.ស.រ.។

ក្នុងកិច្ចប្រជុំនោះដដែល លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ ឱ្យក្រុមការងារ បន្តពង្រឹង កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងវិធីសាស្រ្តថ្មីៗក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យលេខាធិការដ្ឋាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឱ្យបានច្បាស់លាស់ជាមួយស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត និងត្រៀមសហការជាមួយ អគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីជ្រើសរើសអ្នកមានសមត្ថភាពនៅឆ្នាំខាងមុខ៕

To Top