ភ្នំពេញ÷ បេក្ខជនចូលរួមកម្មវិធី ប្រកួតប្រជែងជំនាញថ្នាក់ជាតិ កម្ពុជាលើកទី៩ ឆ្នាំ២០២៤បានលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិ ឆ្នាំនេះគឺជាឱកាស ដើម្បីបញ្ចេញសមត្ថភាព ជំនាញបច្ចេកទេស របស់ខ្លួន ក្នុងការប្រជែងយកជ័យលាភី ក្នុងចំណោមបេក្ខជនជាង៩០នាក់ ដើម្បីឆ្ពោះទៅការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ដើម្បីមុខមាត់ប្រទេសជាតិ ។
![](https://dap-news.com/wp-content/uploads/2024/10/untitled-19-of-30-1024x683.jpg)
យុវតី ណាន សុខហេង ជាបេក្ខជនចូលរួមប្រកួតប្រជែង ជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ជំនាញ Information Network Cabling មកពីវិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ គឺមានសារសំខាន់ណាស់ សម្រាប់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីព្រោះក្រៅតែពីសិក្សាជំនាញបច្ចេកទេសនៅក្នុងថ្នាក់ និងការអនុវត្តផ្ទាល់នៅក្នុងសាលា គឺមានតែកម្មវិធីប្រកួតប្រជែងនេះទេដែលអាចឱ្យយុវជនបាន បញ្ចេញសមត្ថភាពឱ្យអស់ពីចិត្ត ដើម្បីដណ្តើមជ័យលាភី ជាមួយបណ្តាបេក្ខជនមកពីគ្រឹះស្ថាន ផ្សេងៗទៀតនៅទូទាំងប្រទេស ។
![](https://dap-news.com/wp-content/uploads/2024/10/untitled-23-of-30-1024x683.jpg)
យុវតីរូបនេះបន្ថែមថា ខ្លួនសម្រេចចិត្តចូលរួមកម្មវិធីប្រកួត ប្រជែងជំនាញថ្នាក់ជាតិនៅឆ្នាំនេះ គឺចង់ពង្រឹងសមត្ថភាព ក្នុងការប្រកួតប្រជែងលើជំនាញ ដែលខ្លួនកំពុងសិក្សា។ យុវតីរូបនេះសង្ឃឹមថានឹងទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤នេះ ជាពិសេសសង្ឃឹមយ៉ាងមុតមាំថា នឹងត្រូវបានជ្រើសរើសទៅ ប្រកួតប្រជែងថ្នាក់អាស៊ាននៅប្រទេសហ្វីលីពីនឆ្នាំ២០២៥ ខាងមុខ ដើម្បីមុខមាត់ប្រទេសជាតិ សាលារៀន គ្រួសារ និងក្រុមខ្លួនផ្ទាល់ ។
![](https://dap-news.com/wp-content/uploads/2024/10/untitled-26-of-30-1-1024x683.jpg)
ដោយឡែក យុវជន អុល សុភារម្យ ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ លើជំនាញ Automation មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងនេះគឺជាកន្លែងក្នុងក្តីស្រមៃរបស់យុវជនដែលកំពុងសិក្សាជំនាញ ដើម្បីបញ្ចេញសមត្ថភាព ហើយធ្វើការប្រកួតប្រជែង ជាមួយបណ្តាបេក្ខជន មកពីបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលជាច្រើនទៀត ដូច្នេះការប្រកួតប្រជែងនេះ ពិសេសខ្លាំងណាស់ ប្រសិនបើយើងធ្វើបានលទ្ធផលល្អ ក្នុងចំណោមបេក្ខជនជាច្រើននៅពេលនេះ។
![](https://dap-news.com/wp-content/uploads/2024/10/untitled-30-of-30-1024x683.jpg)
យុវជនរូបនេះ សម្រេចជ្រើសរើសជំនាញ Automation ក្នុងការប្រកួតថ្នាក់ជាតិនៅឆ្នាំនេះពីព្រោះ ខ្លួនសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ បន្ទាប់ពីមានការត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ ពេញលេញនៅមុនការប្រកួត។ អ្វីដែលសំខាន់នោះប្រសិនបើខ្លួនទទួលបានជ័យលាភី នោះជំនាញ Automation នឹងក្លាយជាស្ពានចម្លងទៅដល់អនាគតរបស់គេយ៉ាងឆាប់រហ័ស ពីព្រោះបណ្តាក្រុមហ៊ុនឯកជននឹងសម្លឹងមើលឃើញរូបគេ ដែលជាបេក្ខជនឆ្នើមក្នុងការប្រឡងកម្មវិធីលំដាប់ថ្នាក់ជាតិមួយនេះ។
ទន្ទឹមនឹងនេះបេក្ខជនទាំងអស់នេះមានក្តីរំពឹងយ៉ាងមុតមាំថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ នៅពេលនេះនឹងធ្វើឱ្យ ពួកគេក្លាយជាម្ចាស់ជ័យលាភីដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ដើម្បីជាបេក្ខជនតំណាង ប្រទេសកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន និងអន្តរជាតិផ្សេងៗនាពេលខាងមុខ ដើម្បីជាកិត្តិយសខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល។
![](https://dap-news.com/wp-content/uploads/2024/10/Screenshot-103-1024x579.png)
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។
![](https://dap-news.com/wp-content/uploads/2024/10/Screenshot-104-1024x642.png)
លើសពីនេះ ការប្រកួតប្រជែងជំនាញផ្តល់ ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរដ្ឋាភិបាល បានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែង យល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់ការរៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំងពលកម្មនាពេលអនាគត ដើម្បីទទួលបានជំនាញតាមតម្រូវការ ក៏ដូចជាធ្វើឱ្យប្រសើរឡើង នូវភាពទាក់ទាញនៃជំនាញ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)