កំពង់ចាម ៖ ប្រជាពលរដ្ឋ ៨៣គ្រួសារ ដែលដំណាំស្រូវ របស់ពួកគាត់រងគ្រោះខូចខាត ដោយសារការ ប្រែប្រួលអាកាសធាតុ ស្ថិតក្នុងឃុំចំនួន ៣ នៃស្រុកជើងព្រៃ ទទួលបានអំណោយស្រូវពូជ ពីរដ្ឋាភិបាល ក្នុងមួយគ្រួសារទម្ងន់ ១០០គីឡូក្រាម ផ្តល់ជូនតាមរយៈថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង អាជ្ញាធរខេត្តកំពង់ចាម ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-23_11-07-26-1024x682.jpg)
ការផ្ដល់ស្រូវពូជ ជូនប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងបរិវេណ សាលាស្រុកជើងព្រៃ ក្រោមអធិបតីភាព លោក ផេង គឹមស៊្រុន អនុរដ្ឋលេខាធិការក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងអភិបាលរងខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-23_11-07-31-1024x682.jpg)
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ប្រជាពលរដ្ឋទាំង ៨៣ គ្រួសារ មកពីឃុំចំនួន៣ ដែលដំណាំស្រូវ របស់ពួកគាត់រងគ្រោះដោយ គ្រោះរាំងស្ងួត និងទឹកជំនន់ ក្នុងនោះប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងគរ និងឃុំព្រីងជ្រុំ ជួបបញ្ហាគ្រោះរាំងស្ងួត រីឯប្រជាពលរដ្ឋនៅឃុំព្រៃចា គឺរងគ្រោះដោយសារទឹកជំនន់ ដែលចូលពីជំនន់ទន្លេមេគង្គ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-23_11-07-35-1024x682.jpg)
លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទោះបីយ៉ាង ណាក៏ដោយ ក៏អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែង ចូលរួមក្នុង ការដោះស្រាយ នូវទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ហើយឈានមកដល់ដំណាក់ កាលស្តារ ដោយ ផ្តល់ជូនស្រូវពូជ ជូនបងប្អូនដើម្បីមានលទ្ធភាពដាំដុះ បង្កបង្កើនផលឡើងវិញ ដើម្បីជួយដោះស្រាយ នូវជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋយើង ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)