ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់ការអប់រំ បណ្ដុះបណ្តាល អ្នកស្វែងរកការងារ សិស្ស-និសិ្សត និងសាធារណជនជ្រាបថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា មូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រោមការគាំទ្រ ដោយអង្គការអន្តរជាតិខាងការងារ ដើម្បីរៀបចំ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រមទាំងរៀបចំឱ្យមានការ ដាក់ពាក្យតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.careerfair.nea.gov.kh។
តាមរយៈសេចក្តីជូនដំណឹងស្តីពី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈបញ្ជាក់ថា ព្រឹត្តិការណ៍ការងារដ៏ធំជាងគេប្រចាំឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី៖ បង្កើតជាវេទិកាដ៏ធំរវាង អ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល ដើម្បីដាក់ពាក្យ ស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សា យោបល់អាជីព ការងារ និងវិជ្ជាជីវៈ បង្កើនការយល់ដឹង បណ្ដុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ តាមរយៈសិក្ខាសាលា ដែលចូលរួមចែករំលែកដោយវាគ្មិន ដែលមានបទពិសោធន៍ក្នុងវិស័យការងារ តាំងបង្ហាញរ៉ូបូតកាហ្វេ ដែលជាស្នាដៃរបស់សិស្ស-និស្សិតសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាំងបង្ហាញបញ្ជរផ្តល់សេវាសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិច ដែលបង្កើតឡើងដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រីក និងផ្ដល់ភាពងាយស្រួល ក្នុងការប្រើប្រាស់សេវាសាធារណៈរបស់ក្រសួង បង្កើតជាវេទិកា តភ្ជាប់បណ្តាញទំនាក់ទំនងក្នុងចំណោម ក្រសួង ស្ថាប័ន និងក្រុមហ៊ុនដែលចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិ ៕