ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការរៀបចំកម្មវិធីក្នុងក្របខណ្ឌ ឆ្នាំផ្លាស់ប្តូរកម្ពុជា ចិន និង ឆ្នាំទស្សនាកម្ពុជា ឥណ្ឌា ដែលជាព្រឹតិ្តការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅ និងព្រឹត្តិការណ៍ដ៏កម្រ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ រវាងប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជា-ចិន និងកម្ពុជា-ឥណ្ឌា សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព លើកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពរឹងមាំ និងខ្លាំងក្លាថែមទៀត ដោយមើលឃើញថា ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ ដ៏មានសក្តានុពលមួយនៅអាស៊ី មិនត្រឹមសម្រាប់ការមកលេងកម្សាន្តនោះទេ តែក៏ជាមជ្ឈមណ្ឌលវប្បធម៌ ដ៏សម្បូរបែប និងជាទីសម្រាប់ផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាត ក្នុងប្រទេសដែលមានសន្តិភាពពេញលេញមួយនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីរាជការក្រសួងទេសចរណ៍សរុប ចំនួន ២៥នាក់ នៅទីស្តីការក្រសួងទេសចរណ៍។