ភ្នំពេញ៖ លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា ដែលត្រូវបានរៀបចំឡើងរៀងរាល់ ២ឆ្នាំម្តងនៅកម្ពុជា គឺជាកម្មវិធីបង្ហាញសក្តានុពល សមត្ថភាព ទេពកោសល្យ នៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈ របស់យុវជនទៅបណ្តាក្រុមហ៊ុនឯកជននៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។
![](https://dap-news.com/wp-content/uploads/2024/10/untitled-22-of-30-1024x683.jpg)
លោក យ៉យ សុជាតិ ជាគ្រូបង្រៀនជំនាញអគ្គិសនី នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា ដែលកំពុងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ នៅរាជធានីភ្នំពេញនៅសប្តាហ៍នេះ បានគៀរគយុវជន សិស្សានុសិស្សសិក្សាផ្នែកជំនាញបច្ចេកទេស នៅទូទាំងប្រទេសជិត ១០០នាក់មកជុំគ្នា ដើម្បីធ្វើការប្រឡងប្រជែងយកជ័យលាភី បង្ហាញសមត្ថភាព និងទេពកោសល្យ លើជំនាញរបស់ពួកគេ ហើយកម្មវិធីនេះបានទាក់ទាញអ្នកទស្សនា ប្រមាណរាប់ពាន់អ្នកដែលសុទ្ធសឹងតែជាប់អារម្មណ៍ លើការសិក្សាជំនាញបច្ចេកទេស។
![](https://dap-news.com/wp-content/uploads/2024/10/untitled-14-of-30-1024x683.jpg)
លោកគ្រូបានសង្កត់ធ្ងន់ថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះ ជាយុទ្ធសាស្រ្តបង្ហាញ សក្តានុពល សមត្ថភាពជំនាញបច្ចេកទេសរបស់យុវជន សិស្សានុសិស្ស ទៅបណ្តាក្រុមហ៊ុនឯកជននានានៅក្នុងស្រុក ក៏ដូចជាបង្ហាញទៅបណ្តាប្រទេសនៅក្នុងតំបន់តាមរយៈ ការចូលរួមប្រកួតប្រជែងនៅថ្នាក់អន្តរជាតិ ជារើយៗរបស់កម្ពុជា។ ទាំងនេះគឺមានសារសំខាន់ណាស់ ពីព្រោះសិស្ស ក៏ដូចជាយុវជន ដែលសិក្សាជំនាញ គឺមានទីផ្សារការងារខ្ពស់ តាមរយៈការបង្ហាញសមត្ថភាពនៅថ្នាក់ជាតិ និងអនតរជាតិបែបនេះ។
![](https://dap-news.com/wp-content/uploads/2024/10/untitled-17-of-30-1024x683.jpg)
លោក ប៊ិន ចាន់ថា ជាគ្រូបង្រៀននៃវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិមួយនេះ បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការប្រមូល គៀរគ ប្អូនៗសិស្សានុសិស្ស យុវជន ដែលសិក្សាជំនាញ ក្នុងការបង្ហាញសមត្ថភាព ពង្រឹងសមត្ថភាពជំនាញរបស់ពួកគេ ជាពិសេសការប្រកួតប្រជែងនេះក៏ជាមេរៀន និងបទពិសោធន៍មួយសម្រាប់យុវជន បើទោះបីទទួលបានលទ្ធផលបែបណាក៏ដោយ។
![](https://dap-news.com/wp-content/uploads/2024/10/untitled-2-of-30-1024x683.jpg)
លោកគ្រូបានបន្ថែមថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិ ដែលត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះ បានក្លាយទៅជាកាតាលីករមួយយ៉ាងសំខាន់ ជំរុញទឹកចិត្តយុវជនដែលសិក្សាជំនាញ ឱ្យពុះកញ្ជ្រោលក្នុងបង្ហាញសមត្ថភាព និងមានឆន្ទះខ្ពស់ក្នុងការប្រឡងប្រជែង ដើម្បីបានជ័យលាភី ដែលទាំងនេះជាភាពមោទកភាព របស់ពួកគេលើវិថីនៃការសិក្សាជំនាញ។ លើសពីនេះផងដែរកម្មវិធីនេះក៏ជាកម្មវិធីមួយ ក្នុងការលើកកម្ពស់ការសិក្សា ជំនាញបច្ចេកទេសនៅប្រទេសកម្ពុជា ជំរុញឱ្យយុវជន ពលរដ្ឋ ចាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ផងដែរ។
![](https://dap-news.com/wp-content/uploads/2024/10/untitled-1-of-30-1024x683.jpg)
គូសបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។
![](https://dap-news.com/wp-content/uploads/2024/10/សម្ភាសន៏គ្រួនិងក្រុមហ៊ុន_00_01_06_02_Still001-1024x576.jpg)
លើសពីនេះ ការប្រកួតប្រជែងជំនាញផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងយល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់ការរៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំងពលកម្មនាពេលអនាគត ដើម្បីទទួលបានជំនាញតាមតម្រូវការក៏ដូចជា ធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញនៃជំនាញ។
![](https://dap-news.com/wp-content/uploads/2024/10/សម្ភាសន៏គ្រួនិងក្រុមហ៊ុន_00_03_18_06_Still003-1024x576.jpg)
កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ មានរយៈពេលប្រាំថ្ងៃ ក្នុងនោះមានបេក្ខជនសរុបចំនួន៩៣រូប (ស្រី ១២រូប) មកពីគ្រឹះស្ថានសិក្សាចំនួន១៦ ចូលរួមប្រកួតប្រជែងលើជំនាញ៖ ជំនាញតបណ្តាញអគ្គិសនី ជំនាញរៀបឥដ្ឋ, ជំនាញផ្សារ, ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញរចនាក្រាហ្វិក, ជំនាញរៀបការ៉ូ, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម, ជំនាញ Information Network Cabling (Demo)។ ក្នុងនោះបេក្ខជន ដែលជាប់ចំណាត់ថ្នាក់ទទួលបានមេដាយនឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលដូចជា មេដាយមាស ទទួបានប្រាក់រង្វាន់ចំនួន៣លានរៀល, មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់២លានរៀល និងមេដាយសំរឹទ្ធិ ទទួលបានរង្វាន់១លានរៀល៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)