ភ្នំពេញ ៖ លោកស្រី Samantha Power ប្រធានគ្រប់គ្រង ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការ អភិវឌ្ឍអន្តរជាតិ (USAID) ប្រកាសនឹង វិនិយោគ ចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_07-42-13-681x1024.jpg)
នេះជាការគូសបញ្ជាក់ របស់ ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិក (USAID) ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_07-42-23-1024x761.jpg)
ក្នុងជំនួបនេះ លោកស្រី ប្រធានគ្រប់គ្រង ទីភ្នាក់ងារសហរដ្ឋអាមេរិក (USAID)បានកោតសរសើរ ចំពោះការរីកចម្រើន របស់កម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារ សង្គ្រាមស៊ីវិល អស់ជាច្រើនទសវត្សរ៍។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_07-42-27-1024x762.jpg)
ជាមួយគ្នានេះ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមក រវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន ៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសសម្អាតមីន ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_07-42-30-1024x681.jpg)
លោកស្រី បានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការ គាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_07-42-34-1024x682.jpg)
ចំពោះការបោសសម្អាតមីន លោកស្រីនឹងប្រកាសការ វិនិយោគ ចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំ ប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ជាការឆ្លើយតប សម្ដេចបតី បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្ដល់ការគាំទ្រ និងជំនួយក្នុងការស្ដារ និងកសាងប្រទេសកម្ពុជាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជា រហូតមកដល់បច្ចុប្បន្ន។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_07-42-38-1024x681.jpg)
ក្នុងនោះ សម្ដេចធិបតី និងលោកស្រី Samantha Power ក៏បានពិភាក្សា អំពីគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, សុខាភិបាល, អប់រំ, កសិកម្ម, អភិបាលកិច្ចល្អ, សន្ដិសុខ និងការអនុវត្តច្បាប់ផងដែរ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)