កំពង់ធំ: សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្ដល់ស្រូវ ពូជប្រមាណជាង ៥០តោន តាមរយៈអាជ្ញាធរខេត្ត លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សម្រាប់ចែកជូនបងប្អូន ប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយទឹកជំនន់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញ បានចំនួន៥៥៣គ្រួសារ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_10-15-49-1024x682.jpg)
ជាមួយគ្នានោះដែរ លោក នួន ផារ័ត្ន មានប្រសាសន៍ លើកឡើងថា សម្រាប់ក្រុងស្ទឹងសែនឆ្នាំនេះ ទទួលរងនូវការខូចខាត ដំណាំស្រូវប្រមាណជាង៤ពាន់ហិចតា ។ ហើយការខូចខាតដំណាំស្រូវនេះ ដោយមានការយល់ចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ស្រូវពូជប្រមាណជាង៥០តោន សម្រាប់យកមកចែក ជូនបងប្អូនប្រជាពលរដ្ឋ នៅពេលនេះ ទោះបីវាមិនអាចគ្រប់ ទៅតាមអ្វីនូវការខូចខាត ប៉ុន្តែវាអាចរួមចំណែកសំរាល នូវការទុក្ខលំបាកមួយផ្នែក របស់បងប្អូនប្រជាពលរដ្ឋ បានមួយកម្រិត ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_10-15-52-1024x682.jpg)
លោក អភិបាលខេត្ត បន្តទៀតថា នៅថ្ងៃខាងមុខ អ្វីដែលសំខាន់ សម្រាប់ក្រុងស្ទឹងសែន គឺសម្ដេចអធិបតី បានឱ្យ ក្រសួងធនធានទឹក និងឧតុនិយម បង្កើនល្បឿន នៅក្នុងការធ្វើទំនប់ទាក់ទឹកនៅកំពង់គោ និងស្ទឹងស្លាប់ នៅពេលដែលទំនប់ ស្ទាក់ទឹកកំពង់គោ និងស្លាប់រួច យើងអាចគ្រប់គ្រងទឹក នៅក្នុងដងស្ទឹងសែននេះ មានភាពល្អប្រសើរជាងមុន ។ បងប្អូនប្រជាពលរដ្ឋ មានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផល និងកាត់បន្ថយការលិចលង់ ស្រូវរបស់បងប្អូន ។
លោក នួន ផារ័ត្ន បានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេល ជាង២ ឆ្នាំទៀត ទើបសាងសង់ទំនប់ស្ទាក់ទឹក ក្នុងក្រុងស្ទឹងសែន រួចរាល់ យើងអាចរក្សាទឹក បានគង់វង្ស ហើយប្រជាពលរដ្ឋបង្កើត បង្កើនផលមិនខ្វះទឹក ស្រោចស្របដំណាំស្រូវទៀតនោះទេ ។
លើសពីនេះទៀត រាជរដ្ឋាភិបាល បានទិញស្ថានីយ៍ បូមទឹកទាំង១៤ស្ថានីយ៍ តាមដងស្ទឹងសែន យកមកគ្រប់គ្រងវិញ ដើម្បីបន្ថយតម្លៃថ្លៃទឹក ជូនបងប្អូនប្រជាកសិករ ក្នុងតម្លៃមួយដែលយើងចរចាអាចទទួលយកបាន៕ដោយសំនៀង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)