ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កងកម្លាំងប្រដាប់អាវុធ ក្នុងសម័យសន្តិភាព មិនចេញច្បាំងនោះទេ តែឈរការពារសន្តិភាព និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_14-56-09-1024x682.jpg)
ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយស ផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាព នៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោក ប៉ែន បូណា បានថ្លែងថា «ពិតណាស់ បច្ចុប្បន្នប្រទេសយើង មានសុខសន្តិភាព ដូច្នេះកងកម្លាំងប្រដាប់អាវុធ យើងមិនចេញទៅច្បាំង ក្នុងសមរភូមិដូចរៀមច្បង យើងជំនាន់មុនទៀតទេ ។ ប៉ុន្តែ កងកម្លាំងទាំងបីប្រភេទ គឺកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងកងរាជអាវុធហត្ថ ជាអ្នកឈរការពារសន្តិភាពនិងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ»។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_14-56-13-1024x682.jpg)
លោក បន្តថា «កងកម្លាំងយើងធ្វើការមិនថាថ្ងៃ មិនថាយប់ មិនថាហាលក្តៅ ហាលភ្លៀង គ្មានថ្ងៃសៅរ៍ អាទិត្យ គ្មានថ្ងៃឈប់សម្រាកទេ ដើម្បីការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានសប្បាយរីករាយ ធ្វើដំណើរកម្សាន្តទៅណាមកណា ថ្មើរណាក៏បាន ដោយគ្មានការព្រួយបារម្ភ ជាពិសេសពេលមានបុណ្យទានម្តងៗ»។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_14-56-18-1024x682.jpg)
អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ថែមថា នៅពេលមានគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ឬគ្រោះថ្នាក់ផ្សេងៗ កងកម្លាំង ចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗ ដើម្បីជួយប្រជាពលរដ្ឋ។ លើសពីនេះ កងកម្លាំង ក៏បានចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ។ នេះគឺជាមោទនភាពយ៉ាងធំធេងណាស់ សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ យើងដែលបានប្រែក្លាយពីប្រទេស ដែលត្រូវការកងទ័ពមួកខៀវ របស់អង្គការ សហប្រជាជាតិ ដើម្បីការពារសន្តិភាព ទៅជាប្រទេសដែលជួយការពារសន្តិភាពក្នុងពិភពលោក។ ដូច្នេះ សកម្មភាពទាំងអស់នេះ ត្រូវផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋបានដឹង ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_14-56-22-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_14-56-28-1024x682.jpg)
ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ទៀតថា «បើទោះជាបងប្អូនយើង មានភារកិច្ចធំធេង លះបង់ខ្ពស់និងសម្រេចបាន សមិទ្ធផលគួរឱ្យមោទនៈ បែបនេះក៏ដោយ បើយើងមិន ផ្សព្វផ្សាយ ប្រជាពលរដ្ឋមិនបានដឹង ហើយនៅពេលមានបញ្ហាអវិជ្ជមាន ណាមួយកើតឡើង បន្តិចបន្តួច មានអ្នកយកទៅ បង្ហោះពេញហ្វេសប៊ុក ហើយក្រុមមនុស្ស ជ្រុលនិយមមួយចំនួនយកទៅបំពង សំឡេងបន្ថែម ដើម្បីវាយប្រហារមក លើកងកម្លាំងយើង និងទៅលើរាជរដ្ឋាភិបាលយើង»៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)