ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ខណ្ឌទួលគោក នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ពលរដ្ឋ បានលើកឡើងជាសំណើរនិងសំណូមពរ ផ្ទាល់មាត់ ចំនួន៤បញ្ហា ក្នុងនោះបានស្នើសុំស្តារអាងស្តុកទឹក ដែលមានព្រៃ និងស្មៅដុះស៊ុបទ្រុព នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ដែលបង្កឱ្យលិចលំនៅដ្ឋាន និងបណ្តាលឱ្យសត្វ ធាតុចូលក្នុងផ្ទះ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_17-58-06-1024x682.jpg)
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ខាងលេីនេះ ធ្វេីឡេីងនៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរង រាជធានីតំណាង និងលោក ទូច ស៊ុនណារី អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌទួលគោក ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_17-58-11-1024x682.jpg)
ក្នុងនោះប្រជាជននៅសង្កាត់ទឹកល្អក់៣ ស្នើសុំ ដូរអំពូលភ្លើងចំនួន៧៨អំពូល, ស្នើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កុំជីកខូចផ្លូវលេខ១៩២ ហើយទុកចោល និងការស្នើសុំការសាងសង់អគារសង្កាត់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោម នៅសង្កាត់ទឹកល្អក់ទី៣ ដែលអាចបង្កគ្រោះថ្នាក់ ចំពោះអ្នកមកបំពេញការងារ នៅក្នុងអគារនេះ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_17-57-47-1024x682.jpg)
ឆ្លើយតបនឹងការស្នើសុំពីសំណាក់ពលរដ្ឋ លោក សុខ ពេញវុធ បានលើកឡើងថា រាល់សំណើនិងសំណូមពរផ្ទាល់មាត់ ណាអាចដោះស្រាយបានជូនភ្លាមៗ យើងដោះស្រាយជូន ហើយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកមកដោះស្រាយពេលក្រោយ ពោលគឺ អ្វីជាអាទិភាពចាំបាច់បន្ទាន់ៗ យើងនឹងដោះស្រាយមុនគេ ហើយអ្វីដែលនៅសេសសល់ យើងនឹងដាក់ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_17-57-51-1024x682.jpg)
តែចំពោះការស្នើសាងសង់ អគារសង្កាត់ទឹកល្អក់ទី៣ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមនោះ លោក សុខ ពេញវុធ បានបញ្ជាក់ថា មិនមានកញ្ចប់ថវិកា ណាមួយ នៃការសាងសង់ អគាររដ្ឋបាលទេ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនឹងយកសំណើរទាំងនេះ ទៅរាយការណ៍ ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_17-57-54-1024x682.jpg)
ជាមួយគ្នានេះ លោក ម៉ប់ សារិន បានលើកឡើងថា គោលបំណងរបស់វេទិកានេះ គឺចង់ស្តាប់ពីការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីបានដឹង ហើយដោះស្រាយជូន។ អភិបាលកិច្ចល្អ ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ។ ក្រោយពីក្តាប់បានបញ្ហាប្រឈម តម្រូវការពីប្រជាពលរដ្ឋហើយ យកបញ្ហាទាំងនោះមកដោះស្រាយ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_17-57-58-1024x682.jpg)
ក្នុងនោះ លោក ម៉ប់ សារិន បានបញ្ជាក់ទៀតថា អ្វីជាកង្វល់ការចង់បានរបស់ប្រជាពលរដ្ឋ តាមរយៈការស្នើឡើង ដាច់ខាតត្រូវតែដោះស្រាយជូន អ្វីដោះស្រាយបានភ្លាម ដោះស្រាយភ្លាម បើដោះស្រាយមិនទាន់បាន នឹងយកបញ្ហាទាំងនោះ ទៅដាក់បញ្ជូលក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_17-58-02-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_17-58-39-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-24_17-58-44-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)