ពោធិ៍សាត់: ស្ដ្រីត្រៀមសម្រាល និងទើបសម្រាលកូន ចំនួន៧នាក់ និងចាស់ជរាគ្មានទីពឹង ចំនួន១៣នាក់ផ្សេងទៀត ទទួលអំណោយពីលោកស្រីអាំង សុជាតា ខូយ រីដា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ នៅមណ្ឌលសុខភាពមេទឹក ឃុំមេទឹក ស្រុកបាកាន ខេត្ដពោធិ៍សាត់ បានទទួលអំណោយមនុស្សធម៌ ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្ដពោធិ៍សាត់ ដែលដឹកនាំដោយលោកជំទាវ អាំង សុជាតា ខូយរីដា អនុប្រធានកិត្ដិយស និងជាប្រធានក្រុមការងារ ឥស្សរជនឆ្នើមជាតិ សាខាកាកបាទក្រហមកម្ពុជាខេត្ដពោធិ៍សាត់។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-25_13-04-46-1024x682.jpg)
អំណោយមនុស្សធម៌ ដែលបានយកមកជូនដល់ស្ដ្រីត្រៀមសម្រាល និងទើបសម្រាលកូនរួច ចំនួន៧នាក់ គឺក្នុងម្នាក់ៗទទួលបាន មុងមួយ, សារ៉ុង១, បំពង់ទឹកក្ដៅ១, ទឹកដោះគោឆៅ១យួរ, ទឹកដោះគោខាប់១កំប៉ុង, ស្កសរ១គីឡូក្រាម, សាប៊ូម្សៅ១ថង់, ម្សៅកូនង៉ា១កំប៉ុង, ខោអាវក្មេង២ឈុត និងថវិកា៥ម៉ឺនរៀល។ ចំពោះជនចាស់ជរាគ្មានទីពឹង ចំនួន១៣នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២០គូឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងបំពង់ទឹកក្តៅ១។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-25_13-04-52-1024x682.jpg)
ដោយឡែកលោកគ្រូ អ្នកគ្រូពេទ្យ ដែលបម្រើសេវាសុខភាព ជូនប្រជាជននៅក្នុងមណ្ឌលសុខភាពមេទឹក ក៏ទទួលបានការឧបត្ថម្ភ ជាថវិកាចំនួន ២ម៉ឺនរៀល សាប៊ូ១ដប និងសារ៉ុងម្នាក់១។ លើសពីនោះ លោកជំទាវ អាំង សុជាតា ខូយរីដា ក៏បានឧបត្ថម្ភសារុង ចំនួន១០០ ទុកប្រើប្រាស់បន្ថែមផងដែរ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)