ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ឱ្យប្រុងប្រយ័ត្ន ការទិញ-លក់មាស ដែលផ្សព្វផ្សាយ លើបណ្តាញសង្គម

ភ្នំពេញ ៖ ក្រុមការងារបច្ចេកទេស នាយកដ្ឋានការពារសុវត្ថិភាព បច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានធ្វើការណែនាំប្រជាពលរដ្ឋ ឱ្យមានប្រុងប្រយ័ត្ន ចំពោះការទិញ-លក់មាសដែលផ្សព្វផ្សាយ លើបណ្តាញសង្គម។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅថ្ងៃទី២៥ តុលា បានឲ្យដឹងថា ក្រុមការងារបច្ចេកទេស បានទទួលសេចក្តីរាយការណ៍មានការផ្សព្វផ្សាយ ទិញលក់មាស នៅតាមបណ្តាញសង្គម (Online) ដោយក្រុមជនខិលខូច មានវិធីសាស្ត្រផលិត មាសក្លែងក្លាយ ដោយប្រើប្រាស់វត្ថុធាតុម្យ៉ាងជ្រលក់ជាមួយទឹកមាស ដើម្បីបន្លំជនរងគ្រោះ ព្រមជាមួយបច្ចេកទេសកាត់តវីដេអូ ដើម្បីបោកប្រាស់ឱ្យជនរងគ្រោះជឿទុកចិត្ត និងប្រើប្រាស់វិធីសាស្ត្រ ធ្វើតេស្តសាកល្បងតាមបែបប្រពៃណីផងដែរ។

ប្រភពបន្តថា ការទិញលក់ដែលគ្មានប្រភពច្បាស់លាស់នៅលើប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម ធ្វើឱ្យអ្នកទិញពិបាកផ្ទៀងផ្ទាត់ផលិតផល តម្លៃ និងសេវាផ្សេងៗ ខណៈហាងទិញលក់មាស ដែលបានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ បានធានាទិញចូលវិញ ក្នុងតម្លៃសមរម្យ តាមលក្ខន្តិកៈដែលបានកំណត់ ដែលអ្នកទិញ អាចជឿទុកចិត្តបាន។

ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល ក៏បានណែនាំប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នការជាវ ឬទិញមាសតាមបណ្តាប្រភព លើបណ្តាញសង្គមផ្សេង ដូចជា ៖ ១. ត្រូវជ្រើសរើសហាងលក់គ្រឿង អលង្កាមានអាជ្ញាប័ណ្ណ និងទទួលស្គាល់ដោយអាជ្ញាធរច្បាស់លាស់។ ២. ហាងដែលមានប្រើប្រាស់ឧបករណ៍មានលក្ខណៈស្តង់ដា បច្ចេកទេសដើម្បីពិនិត្យមាសឱ្យបានត្រឹមត្រូវ និងត្រូវរាយការណ៍មកកាន់ អាជ្ញាធរសមត្ថកិច្ចករណី សង្កេតឃើញ ឬសង្ស័យមានការ លក់មាសក្លែងក្លាយ ៕

To Top