ភ្នំពេញ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំប្រធានពន្ធនាគាររាជធានី-ខេត្ត ត្រូវគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ រាល់មុខសញ្ញាបទល្មើសញុះញង់ ប៉ុនប៉ងបង្កចលាចលសង្គម និងបង្កើនការទប់ស្កាត់ការញុះញង់ ក្នុងពន្ធនាគារ។
ការណែនាំរបស់លោកអគ្គនាយក នាឱកាសអញ្ជើញដឹកនាំអគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិកា នៅថ្ងៃទី២៥ ខែតុលា។

លោកអគ្គនាយកបញ្ជាក់ជាច្រើនចំណុចថា «ត្រូវលុបបំបាត់ និងបំបែកមុខសញ្ញាពិសេស។ ត្រូវធ្វើការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ រាល់មុខសញ្ញាបទល្មើសញុះញង់ ប៉ុនប៉ងបង្កចលាចល និងបង្កើនការទប់ស្កាត់ការញុះញង់នៅក្នុងពន្ធនាគារ។ ពង្រឹងការអនុវត្តតួនាទីច្បាប់ នីតិវិធី និងបន្តពង្រឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។ ពង្រឹងការអនុវត្តតួនាទីច្បាប់ នីតិវិធី និងបន្តពង្រឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងត្រូវពង្រឹងការអនុវត្តក្នុងការសាកល្បង សមប្រយុទ្ធហ្វឹកហាត់របស់មន្ត្រីជាប្រចាំ»។

លោកអគ្គនាយក ក៏បានផ្តល់អនុសាសន៍ដឹកនាំជា ដំណោះស្រាយដល់នាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ដើម្បីអនុវត្តការងារមួយចំនួន ដូចជា ៖ត្រូវយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់បំផុត នូវអនុសាសន៍ណែនាំរបស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវធ្វើការបោះសំអាតនូវភាពអសកម្មនានា រួមទាំងសម្ភារៈហាមឃាត់ និងមានវិធានការដាច់ខាតចំពោះមន្ត្រីទាំងឡាយណា ដែលមានសកម្មភាពល្មើសក្នុងពន្ធនាគារ៕
