ភ្នំពេញ ៖ បេក្ខជនដែលបានចូលរួមកម្មវិធីប្រកួត ប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ បង្ហាញថាជំនាញម៉ាស៊ីន ស្វ័យប្រវត្តិកម្ម (Automation) និងសំណង់សុីវិល (Civil engineering) ជាជំនាញ ដែលមានសក្តានុពល លើទីផ្សារការងារនៅកម្ពុជា ពីព្រោះជំនាញមួយនេះ មានទីផ្សារខ្ពស់ នៅប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យ ឧស្សាហកម្ម នៅតាមបណ្តារោងចក្រ នៅក្នុងស្រុក ដែលសុទ្ធសឹងតែជាការងារ មានប្រាក់ចំណូលខ្ពស់ ។
![](https://dap-news.com/wp-content/uploads/2024/10/Speaker-6.00_07_28_40.Still007-1024x576.png)
យុវជន អុល សុភារម្យ ជានិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងជាបេក្ខជន ចូលរួមប្រកួតប្រជែងជំនាញ ថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ លើជំនាញ ម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) លើកឡើងថា ខ្លួនបានជ្រើសរើសជំនាញ Automation នេះមកចូលរួម ប្រកួតប្រជែង ព្រោះជាជំនាញដែលខ្លួនរំពឹងខ្ពស់ ក្នុងការទទួលបានលទ្ធផលគាប់ប្រសើរ ដើម្បីបន្តទៅប្រកួតប្រជែងនៅថ្នាក់អន្តរជាតិ ជាពិសេសការ ប្រឡងប្រជែង ជំនាញថ្នាក់អាស៊ាន នៅប្រទេសហ្វីលីពីនឆ្នាំ២០២៥ ដើម្បីលើកមុខមាត់ជូនជាតិ ពីព្រោះខ្លួនបានត្រៀមខ្លួនរួចរាល់ពេញលេញ និងមានការណែនាំ ពីសំណាក់សាស្រ្តាចារ្យនៅក្នុងថ្នាក់ គ្រប់ជ្រុងជ្រោយលើជំនាញនេះ។
![](https://dap-news.com/wp-content/uploads/2024/10/Speaker-6.00_09_27_16.Still008-1024x576.png)
ដោយឡែក យុវតី ដូរ ស្រណុច មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច ជាជំនាញដែលខ្លួនជ្រើសរើសយកមកធ្វើការ ប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែង ជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ។ មូលហេតុដែលខ្លួនជ្រើសរើសជំនាញនេះ មកប្រកួត ពីព្រោះវាជាជំនាញ ដែលពេញនិយមនៅក្នុងស្រុក ងាយស្រួលរកការងារធ្វើ ក្នុងនោះដែរតាមរយៈការប្រឡង ប្រជែងនេះនឹងធ្វើឱ្យខ្លួនកាន់តែមានភាពលេចធ្លោ ទទួលបានបទពិសោធន៍ថ្មី ដែលធ្វើឱ្យក្រុមហ៊ុនឯកជន ផ្តល់ឱកាសខ្ពស់លើរូបគេ។
![](https://dap-news.com/wp-content/uploads/2024/10/untitled-1-of-5-1024x573.jpg)
យុវតីរូបនេះបន្ថែមថា បើទោះបីលទ្ធផលប្រឡងថ្នាក់ជាតិបែបណាក៏ដោយ តែយុវជនរូបនេះសង្ឃឹមយ៉ាងមុតមាំថា ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច នឹងអាចយកទៅប្រកួត នៅលើឆាកអន្តរជាតិ ហើយទទួលបានលទ្ធផលល្អ បន្ទាប់ពីមានការត្រៀមខ្លួន គ្រប់ជ្រុងជ្រោយ ពេញលេញនៅមុនការ ប្រកួត។ អ្វីដែលសំខាន់នោះ ប្រសិនបើខ្លួនទទួល បានជ័យលាភីល្អប្រសើរ បណ្តាក្រុមហ៊ុនឯកជននឹងសម្លឹងមើលឃើញរូបគេ ដែលជាបេក្ខជនឆ្នើម ក្នុងការប្រឡងកម្មវិធីលំដាប់ ថ្នាក់ជាតិ និងអន្តរជាតិមួយនេះ។
![](https://dap-news.com/wp-content/uploads/2024/10/untitled-2-of-5-1024x573.jpg)
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh) ត្រូវធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍ សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។
![](https://dap-news.com/wp-content/uploads/2024/10/untitled-3-of-5-1-1024x573.jpg)
កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ មានបេក្ខជនសរុបចំនួន៩៣រូប (ស្រី ១២រូប) មកពីគ្រឹះស្ថានសិក្សាចំនួន១៦ ចូលរួមប្រកួតប្រជែងលើជំនាញ៖ ជំនាញតបណ្តាញអគ្គិសនី, ជំនាញរៀបឥដ្ឋ, ជំនាញផ្សារ, ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញរចនាក្រាហ្វិក, ជំនាញរៀបការ៉ូ, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម, ជំនាញ Information Network Cabling (Demo)៕
![](https://dap-news.com/wp-content/uploads/2024/10/untitled-3-of-17-1024x573.jpg)
![](https://dap-news.com/wp-content/uploads/2024/10/untitled-4-of-5-1024x573.jpg)
![](https://dap-news.com/wp-content/uploads/2024/10/untitled-4-of-17-1-1024x573.jpg)
![](https://dap-news.com/wp-content/uploads/2024/10/untitled-5-of-5-1-1024x573.jpg)
![](https://dap-news.com/wp-content/uploads/2024/10/untitled-9-of-17-1-1024x573.jpg)
![](https://dap-news.com/wp-content/uploads/2024/10/untitled-13-of-17-1-1024x573.jpg)
![](https://dap-news.com/wp-content/uploads/2024/10/untitled-15-of-17-1024x573.jpg)
![](https://dap-news.com/wp-content/uploads/2024/10/untitled-16-of-17-1024x573.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)