ព័ត៌មានជាតិ

សម្តេចធិបតី៖ គ្រប់បណ្តាប្រទេសទាំងអស់ ការធ្វើកំណែទម្រង់វិស័យអប់រំ នៅតែធ្វើជាបន្តបន្ទាប់ ក្នុងនោះកម្ពុជាដូចគ្នា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គ្រប់ប្រទេសទាំងអស់ ទាំងប្រទេសមហាអំណាច កំណែទម្រង់វិស័យអប់រំ នៅតែធ្វើជាបន្តបន្ទាប់ ខណៈកម្ពុជាខិតខំពង្រឹង និងដាក់ចេញការកែទម្រង់កម្មវិធីអប់រំ ជាបន្តបន្ទាប់ដូចគ្នា ។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៦​ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ទៅដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលប៉ុន្មានឆ្នាំ និងប៉ុន្មានអាណត្តិមកនេះ បានខិតខំពង្រឹង ក្នុងការរៀបចំកម្មវិធីសិក្សា ដែលបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដោយសារតែការរៀនសូត្រ មិនអាចរៀនតែមួយថ្ងៃបានទេ ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ក្រសួងអប់រំ ដែលដាក់ចេញកែទម្រង់កម្មវិធីអប់រំរបស់យើង ជាបន្តបន្ទាប់ ហើយចុងក្រោយនេះ ក្រោមការដឹកនាំរបស់ឯឧត្តម ហង់ ជួនណារ៉ុន យើងបានកែសម្រួលដាក់ផែនការ ជំរុញការពង្រឹង ទៅលើវិស័យ គេថា ទៅលើមុខវិជ្ជា ត្រៀមលក្ខណៈទៅលើ ការបម្រើទៅឱ្យបច្ចេកវិទ្យា ប៉ុន្តែការអប់រំ ត្រូវធ្វើការវាយតម្លៃជាប់ជាប្រចាំ” ។

ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ” គ្រប់ប្រទេសទាំងអស់ អត់មានប្រទេសណា នៅនឹងថ្កល់ទេ ខ្ញុំទៅគ្រប់ប្រទេសទាំងអស់ ទាំងប្រទេសមហាអំណាច អញ្ជើញនិយាយជាមួយថ្នាក់ដឹកនាំ ប្រទេសមហាអំណាចក៏ដូចគ្នា កំណែរទម្រង់វិស័យអប់រំគាត់ នៅតែធ្វើជាបន្តបន្ទាប់ ព្រោះជួនកាលប្រព័ន្ធនិងរបៀបបង្រៀន កាលពី១០ទៅ២០ឆ្នាំមុន វាអត់ឆ្លើយតបទៅនឹង កម្មវិធីដែលបង្រៀនឥឡូវទេ ជួនកាលកម្មវិធីដែលកែសម្រួល ហើយដល់ពេលអនុវត្តមួយរយៈ ត្រូវកែត្រឡប់មកវិញ”៕

To Top