ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មានសំណាងជាងគេ បើធៀបទៅនឹង ប្រទេស៥នៅក្បែរកម្ពុជា រួមមាន ថៃ ឡាវ វៀតណាម ហ្វីលីពីន និងភូមា ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ បណ្តាលមកពីព្យុះដែលតែងតែកើតមានឡើងក្នុងរដូវស្សា បណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័នជាច្រើន ។
ការលើកឡើង របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង “ពិធីអបអរសាទរ សមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អ បរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
សម្តេចធិបតី មានប្រសាសន៍ថា “ខែវស្សា ឆ្នាំនេះយើងបារម្ភដែលទឹកធំ ព្រោះជាទូទៅឆ្នាំរោងទឹកធំ ប៉ុន្តែឆ្នាំនេះ យើងមានគឺថា សំណាងដែរ ប្រទេសប្រាំ នៅជុំវិញយើងគឺទទួលផលប៉ះពាល់ធ្ងន់ពីព្យុះ តែកម្ពុជា យើងតិចបំផុត” ។
ក្នុងនោះតាមអ្វីដែលសម្តេចធិបតី ជួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រីថៃ អំឡុងពេលកិច្ចប្រជុំអាស៊ាន នៅប្រទេសឡាវ កាលពីពេលថ្មីៗនេះ ដោយសារតែព្យុះ បានធ្វើឱ្យប្រទេសថៃ ខាតបង់ថវិកា រាប់សិបលានដុល្លារ ទៅលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា ។
សម្តេចធិបតី បញ្ជាក់ថា “នៅកម្ពុជា យើងទឹកធំឡើងដែរ លិចកន្លែងខ្លះ ប៉ុន្តែមិនធំដូច១២ឆ្នាំមុន នេះគឺជាសំណាងល្អ របស់យើង”៕