ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត បានប្រគល់ធុងសំរាម ចំនួន ៤០៤ ធុងបន្ថែមទៀម ជូនដល់រដ្ឋបាលស្រុកពញាក្រែក សម្រាប់ចែកជូនដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ដើម្បីពង្រឹងភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសចូលរួមជំរុញចលនាយុទ្ធនាការគ្មានប្លាស្ទិក នៅតាមផ្លូវ នាឆ្នាំ២០២៥។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-28_10-45-27-682x1024.jpg)
ពិធីប្រគល់និងទទួលធុងសំរាម បានរៀបចំឡើង ក្រោមអធិបតីភាពលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្នុងសាលាបឋមសិក្សាក្រែកក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-28_10-45-30-1024x682.jpg)
លោក ខ្វៃ អាទិត្យា បានលើកឡើងថា លោកបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់ជូនធុងទុកដាក់សំរាមនាពេលនេះ ជាការថ្លែងអំណរគុណ ដល់ការចូលរួមយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន ពីកិច្ចសហការទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍នានា និងជាពិសេសរដ្ឋបាល ថ្នាក់ក្រោមជាតិ អាជ្ញារមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានផែនការសកម្មភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសរសរស្តម្ភ៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-28_10-45-35-1024x682.jpg)
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ផែនការសកម្មភាពជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន នៅក្នុងពេលដ៏ខ្លីខាងមុខ គឺជំរុញឱ្យ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ សម្រាប់ឆ្នាំ២០២៥»។ សកម្មភាពជាយុទ្ធសាស្ត្រថ្មីនេះ នឹងធ្វើឱ្យកម្ពុជាសម្រច បាននូវភាពស្អាត ភាពស្អាតរបស់កម្ពុជា មិនត្រឹមតែបានបណ្តុះគំនិតស្អាត ពីក្នុងខ្លួន ហើយពេលនេះចេញមកក្រៅ និងក្នុងសង្គមថែមទៀត។ លើសពីនេះ ភាពស្អាតដែលបានក្លាយពីការបេ្តជ្ញាចិត្ត ហើយបានកំពុងមានការចូលរួមជាសកម្មភាព យ៉ាងផុសផុលពីប្រជាជនកម្ពុជា ជាពិសេសយុវជនកម្ពុជា នាពេលបច្ចុប្បន្ន ឈានឆ្ពោះទៅជាចលនាចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមបានត្រឹមត្រូវជាបណ្តើរៗ ឆ្ពោះទៅមានទម្លាប់ ដើម្បីកម្ពុជាមានភាពស្អាត ការអភិវឌ្ឍដោយចីរភាព និងភាពរុងរឿងនៃកម្ពុជា ព្រមទាំងចូលរួមគាំទ្រទាំងអស់គ្នា ធ្វើយ៉ាងណា ឱ្យរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ និងអង្គភាពមានភាពស្អាត រៀបចំឱ្យមានធុង ឬ កន្លែង ទុកដាក់ញែកសំរាម (ធ្វើជាធនាគារប្លាស្ទិក) ពេលពេញធុង អាចយកទៅលក់បានថវិកាជួយដល់សហគមន៍ ឬសិស្សានុសិស្សមានជីវភាពខ្វះខាតបាន ដោយត្រូវរៀបចំឱ្យមានធុងដាក់សំរាមនៅគ្រប់សាលារៀន វត្តអារាម មណ្ឌលសុខភាពម្តងមួយខេត្តៗឱ្យបានទូទាំងប្រទេស។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-28_10-45-37-1024x682.jpg)
សូមបញ្ជាក់ថា ដើម្បីគាំទ្រដល់ក្រុង ស្រុក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានរៀបចំធុងដាក់សំរាម ផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូនដល់គ្រប់គ្រឹះស្ថានសិក្សា មូលដ្ឋានសុខាភិបាល វត្តអារាម រដ្ឋបាលឃុំ-សង្កាត់ទូទាំងខេត្តត្បូងឃ្មុំ និងជាបន្តបន្ទាប់ទៅកាន់មូលដ្ឋានស្រុក ក្រុង នៃខេត្តនានាទូទាំងប្រទេស។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-28_10-45-39-1024x682.jpg)
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ជូនធុងសំរាម សម្រាប់ទីអារាម សាលារៀន មណ្ឌលសុខភាព និងសាលាឃុំ-សង្កាត់ទូទាំងខេត្តត្បូងឃ្មុំ សរុបចំនួន ២២៧២ ធុង។ ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារគណបក្ស បានចូលរួមផ្តល់ធុងសំរាមជូនរដ្ឋបាលស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកពញាក្រែក និងស្រុកមេមត់។ ចំណែកក្រុងស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំ នឹងបន្តចែកជូនជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-28_10-45-42-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)