ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ហ៊ុន ម៉ានី ណែនាំបេក្ខជនប្រឡង​ ក្របខណ្ឌមន្ត្រីរាជការស៊ីវិល កុំជឿលង់ការបោកបញ្ឆោត ដែលសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានណែនាំបេក្ខជនប្រឡងក្របខណ្ឌមន្ដ្រីរាជការស៊ីវិល បង្កើនការប្រុងប្រយ័ត្ន កុំជឿលង់ការបោកបញ្ឆោត ដែលសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

លោក ហ៊ុន ម៉ានី បានលើកឡើងបែបនេះ ក្រោយពី ក្រសួងមុខងារសាធារណៈ បានទទួលព័ត៌មានថា កន្លងមកមានករណី ដែលបុគ្គលមួយចំនួន កំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍ តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡង ប្រជែងក្លាយជាមន្ត្រី រាជការស៊ីវិល។

តាមរយៈគេហទំព័រហ្វេសប៊ុកថ្មីៗនេះ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានឱ្យដឹងថា ករណីនេះ គណៈកម្មការរៀបចំការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការ សូមអំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គល ដែលឆ្លៀតឱកាសបោកបញ្ឆោត ដូចបានរៀបរាប់ខាងលើ ទោះក្នុងរូបភាពណាក៏ដោយ ។

គណៈកម្មការរៀបចំការប្រឡងប្រជែង បានជូនបេក្ខជន សាធារណៈជន និងប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ជាការអនុវត្តឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

កន្លងមក ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែង និងបានផ្តល់ឱកាសដល់បេក្ខជនបានចូលរួមស្មើៗគ្នា និងឱកាសច្រើនដង រួចមកហើយ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមអនុវត្ត និងចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលទាំងអស់។

ជុំវិញបញ្ហានេះ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី គូសបញ្ជាក់ថា ជាលទ្ធផល បេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្ហាញការពេញចិត្ត សាទរ និងទទួលស្គាល់ នូវសុក្រឹតភាព ភាពត្រឹមត្រូវនៃគ្រប់ដំណើរការ នៃការរៀបចំការប្រឡងប្រជែងនីមួយៗ។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏ធ្លាប់បានលើកឡើងផងដែរថា «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។

លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា «សារជាថ្មីម្តងទៀត សូមបេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្កើនការប្រុងប្រយ័ត្ន កុំជឿលង់ការបោកបញ្ឆោត ហើយសូមបន្តជឿជាក់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ស្របតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕

To Top