ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុប​ លទ្ធផល​ការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា របស់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផល ការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និង ថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែកទីប្រឹក្សា ក្រសួង លោក លោកស្រី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួម តាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសំឡេង (Zoom Meeting) ៨៧៤រូប ។

យោងតាមរបាយការណ៍លទ្ធផលការងារដោយ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញ អំពីលទ្ធផលសម្រេចបាន នៅក្នុងខែតុលា និងលទ្ធផលជារួមក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៤ រួមមាន កម្មវិធីទី១៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ សម្រេចបានវឌ្ឍនភាព សម្រាប់ខែតុលា ៩,៣៣% និង វឌ្ឍនភាពជារួមសម្រេចបាន ៩៣,៣០% ធៀបនឹងផែនការប្រចាំឆ្នាំ, កម្មវិធីទី២ ៖ ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានវឌ្ឍនភាព សម្រាប់ខែតុលា ៧,៦៣% និងវឌ្ឍនភាពជារួមសម្រេចបាន ៨៥,៨៥% ធៀបនឹងផែនការ ប្រចាំឆ្នាំ, កម្មវិធីទី៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៥,៤២% និងវឌ្ឍនភាព ជារួមសម្រេចបាន ៨១,៩៩% ធៀបនឹងផែនការ ប្រចាំឆ្នាំ និង កម្មវិធីទី៤៖ ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានវឌ្ឍនភាព សម្រាប់ខែតុលា ៦,៦៦% និងវឌ្ឍនភាពជារួមសម្រេចបាន ៨៣,១៦% ធៀបនឹងផែនការប្រចាំឆ្នាំ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងទិសដៅការងារ បន្ដរួចមក លោក ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលក្រសួង សម្រេចបាន និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការបំពេញភារកិច្ចយ៉ាង សកម្មដើម្បីចូលរួម អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លើសពីនេះ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនទៀត សម្រាប់យកទៅអនុវត្តឱ្យសម្រេច តាមផែនការគ្រោងទុក ដោយអនុវត្តតាមអភិក្រម រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ ដើម្បីប្រយោជន៍ជាតិ និងប្រជាជនក្រោមម្លប់ ដ៏ត្រជាក់នៃសន្តិភាព៕

To Top