ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយប្រតិទិន សម្រាប់ការបោះឆ្នោតលើកទី១ “ការបោះឆ្នោតឡើងវិញ” ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក ជឺ ចំណាន អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយប្រតិទិនការងារ នៃការរៀបចំការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ អំពីការចុះឈ្មោះអ្នកសង្កេត-ការណ៍ជាតិ និងអន្តរជាតិ ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។

លោក ជឺ ចំណាន បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រាជរដ្ឋា- ភិបាលបានចេញអនុក្រឹត្យស្តីពី ការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។ អនុលោមតាមមាត្រា ៧៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ សម្រាប់ជ្រើសរើសក្រុមប្រឹក្សាក្រុងដែលបង្កើតថ្មីនេះ ដោយត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ២៤០ (ពីររយសែសិប) ថ្ងៃ បន្ទាប់ពីការបង្កើត។ តាមរយៈសេចក្តីសម្រេចលេខ ១៩២ សសរ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានកំណត់កាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ គឺនាថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។

លោក ជឺ ចំណាន បានមានប្រសាសន៍បន្តថា ផ្អែកលើមូលដ្ឋានខាងលើនេះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវសេចក្តីសម្រេច ផែនការមេ ប្រតិទិនការងារ រួមទាំងបានរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាឱ្យការរៀបចំ ការចាត់ចែង និងការគ្រប់គ្រងការងារបោះឆ្នោតឡើងវិញនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

អំពីការប្រកាសផ្សាយប្រតិទិន សម្រាប់ការបោះឆ្នោត លោក ជឺ ចំណាន មានប្រសាសន៍ថា គ.ជ.ប បានដាក់ចេញនូវប្រតិទិន សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សា-ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ដំណើរការរៀបចំការបោះឆ្នោត ត្រូវចាប់ផ្ដើមពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ និងត្រូវបញ្ចប់យ៉ាងយូរ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ តាមករណីគ្មាន ឬមានពាក្យបណ្តឹង ឬគ្មានការបោះឆ្នោតសាជាថ្មី។

លោក ក៏បានជម្រាបជូនសង្ខេបអំពីដំណាក់កាលសំខាន់ៗទាំង ៤ នៃការបោះឆ្នោតត្រូវអនុវត្តតាមកាលបរិច្ឆេទដែលបានកំណត់ក្នុងប្រតិទិន ដូចខាងក្រោម៖
-ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ខ.ប ត្រូវធ្វើចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤
-ការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប ត្រូវធ្វើចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤
-ការឃោសនាបោះឆ្នោតមានរយៈពេល ៨ថ្ងៃ ដែលត្រូវចាប់ផ្តើមពីថ្ងៃ១៧ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
-ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៅការិយា- ល័យបោះឆ្នោត ត្រូវធ្វើនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។

អំពីការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ លោក ជឺ ចំណាន ក៏បានបញ្ជាក់ជូនអំពីរបៀប បែបបទនីតិវិធី និងកាលបរិច្ឆេទនៃការដាក់ពាក្យសុំចុះឈ្មោះ ជាអ្នកសង្កេតការណ៍ជាតិ និងអ្នកសារព័ត៌មានជាតិ ដែលការដាក់ពាក្យសុំចុះឈ្មោះនោះ នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ រីឯការដាក់ពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ គ.ជ.ប នឹងចាប់ផ្តើមទទួលពាក្យ ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ចំពោះពាក្យសុំចុះឈ្មោះ អាចទាញចេញពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ឬមកយកផ្ទាល់នៅទីស្ដីការ គ.ជ.ប ដោយឥតគិតថ្លៃ។

អំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ លោក ជឺ ចំណាន បានមានប្រសាសន៍ថា គណបក្សនយោបាយដែលបានចុះបញ្ជី ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញនេះ។ ការចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរៀបចំ ការបោះឆ្នោតខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ក៏បានជម្រាបជូនលម្អិតអំពីលក្ខខណ្ឌ និងលក្ខណសម្បត្តិក្នុងការឈរឈ្មោះជាបេក្ខជន ភាពមិនមានសិទ្ធិឈរឈ្មោះជាបេក្ខជន និងបែបបទនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។

ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ នគរបាលជាតិ កងយោធពលខេមរភូមិន្ទ មន្ត្រី បុគ្គលិករបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ ដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតឡើងវិញ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសទៅក្រសួង ស្ថាប័នសាមីយ៉ាងតិច ៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនា-ការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ។

ប្រសិនបើសាមីខ្លួនជាប់ឆ្នោត ហើយមានបំណងចង់បម្រើការងារ ជាសមាជិកក្រុមប្រឹក្សានោះសាមីខ្លួន ត្រូវធ្វើពាក្យសុំតាមឋានានុក្រមទៅក្រសួង ឬស្ថាប័នសាមី ដើម្បីទៅបម្រើការងារក្រៅក្របខណ្ឌដើម ក្នុងរយៈពេលនៃអាណត្តិរបស់ក្រុមប្រឹក្សា។ ក្នុងរយៈពេលនេះ សាមីខ្លួនមានសិទ្ធិឡើងថ្នាក់ ឬឋានន្តរស័ក្តិ និងរក្សាអតីតភាពការងារសម្រាប់ទទួលសោធននិវត្តន៍។

អំពីការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ឯកឧត្ដម ជឺ ចំណាន បានមានប្រសាសន៍ថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការរៀបចំការបោះឆ្នោត ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ តាមទម្រង់បែបបទ ដែលកំណត់ដោយ គ.ជ.ប គឺ ទ.១០០៧ ។ គណបក្សនយោបាយ ដែលមានបំណងចុះឈ្មោះភ្នាក់ងារ អាចមកយកគំរូពាក្យសុំនៅ គ.ជ.ប ឬនៅគណៈកម្មការរៀបចំ ការបោះឆ្នោតខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ឬអាចទាញយកគំរូពាក្យសុំ ពីគេហទំព័ររបស់ គ.ជ.ប www.nec.gov.kh។

ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការរៀបចំការបោះឆ្នោត ត្រូវចែកជា ២ (ពីរ) ដំណាក់កាលគឺ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលការចុះឈ្មោះបោះឆ្នោត ដែលកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ដែលកាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ។ ការចុះឈ្មោះទាំងនោះត្រូវអនុវត្តន៍តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។

ភាគីដែលចូលរួមក្នុងកិច្ចប្រជុំបានលើកជាសំណួរថា តើសេចក្តីចម្លងលិខិតបញ្ជាក់ ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមាននីត្យានុកូលកម្មដោយអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានបញ្ជាក់ប្រើ ក្នុងការបោះឆ្នោតកន្លងមក អាចយកមកប្រើក្នុងការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម បានឬទេ? តើនៅពេលណាអាចសុំច្បាប់ឈប់ពិសេសបាន?

គ.ជ.ប បានបញ្ជាក់ជូនថា ប្រសិនបើសេចក្តីចម្លងលិខិតបញ្ជាក់ ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមាននីត្យានុកូលកម្មដោយអង្គភាពច្រកចេញចូលតែមួយ មិនបានបញ្ជាក់ថា សម្រាប់ប្រើប្រាស់ធ្វើអ្វី ឬមិនបានបញ្ជាក់ថា ផុតសុពលភាពនៅពេលណាទេ នោះមានន័យថា សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ នោះនៅតែប្រើការបាន។ ចំពោះការសុំច្បាប់ឈប់ពិសេស គឺមន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ នគរបាលជាតិ កងយោធពលខេមរភូមិន្ទ មន្ត្រី បុគ្គលិករបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ ដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសយ៉ាងតិច ៧ (ប្រាំពីរ) ថ្ងៃ មុនថ្ងៃបើកការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ។

ជាចុងក្រោយក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងឯកឧត្ដមប្រធាន គ.ជ.ប លោក ជឺ ចំណាន អនុប្រធាន គ.ជ.ប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម អង្គការមិន-មែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានា ដែលបានចំណាយពេលវេលាអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយចំនួន ៦ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៤ ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួន ៣៩ នាក់៕

To Top