ភ្នំពេញ៖ ដោយទទួល បានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សក្តានុពលនៃទីផ្សារ ទេសចរណ៍ឥណ្ឌាសម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ” ដែលនឹង ប្រព្រឹត្តិទៅនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ ពិសេសពង្រឹងកិច្ចសហ ប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឥណ្ឌា ជំរុញលំហូរទេសចរ និងទាក់ទាញវិនិយោគិនឥណ្ឌាមកវិនិយោគ លើវិស័យទេសចរណ៍កម្ពុជា និងដើម្បីចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤ និង «ទស្សនាសៀមរាប ឆ្នាំ២០២៤» ។
ទន្ទឹមនឹងនេះ វេទិកានេះ ក៏នឹងផ្តល់ឱកាសឱ្យអ្នកជំនាញទេសចរណ៍ វិស័យឯកជន ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ បានជួបជុំពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ ល្អៗ និងរិះរកយុទ្ធសាស្ត្រ ក្នុងការចូលរួមអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងភាពទទួលខុសត្រូវ ពិសេស ផ្តល់ឱកាសសម្រាប់វិស័យឯកជន នៃប្រទេសទាំងពីរបានជួបជុំគ្នា និងពង្រឹងបណ្តាញទំនាក់ទំនងទៅវិញទៅមក។
ក្នុងន័យនេះ សម្រាប់ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារពត៌មានជាតិ-អន្តរជាតិ និងសាធារណៈជន ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ សូម ទំនាក់ទំនងចុះឈ្មោះចូលរួមតាមរយៈ លោកស្រី ឃិន បូជា ប្រធានការិយាល័យនៃនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងអាស៊ាន (ទូរសព្ទលេខ៖ ០៩៧ ៩៥៨ ៤១០២)៕