ព័ត៌មានជាតិ

រាជធានី-ខេត្ត ២៥ បានបញ្ជូនបេក្ខភាព ចូលរួមប្រកួតប្រជែងក្លាយជា អង្គភាពផ្តល់ សេវាសាធារណៈគំរូ ឆ្នាំ២០២៤

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្នុងដំណាក់កាលបូកសរុប ការដាក់ពាក្យ ចូលរួមប្រកួតប្រជែង ក្នុងកម្មវិធី វាយតម្លៃ និងទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល ក្រុមការងារទទួលបាន បេក្ខភាពចូលរួមពីគ្រប់រាជធានី-ខេត្ត ទាំងអស់។

ក្នុងន័យនេះ ដើម្បីធ្វើវឌ្ឍនភាពបូកសរុបលទ្ធផលនៃការដាក់ពាក្យចូលរួមប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ និងដើម្បីកំណត់វិធានការបន្ត លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈចំនួន៥ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្រ្តី បានកត់សម្គាល់ថា ការដាក់ពាក្យចូលរួមសម្រាប់ឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំកន្លងទៅ ដែលនេះរំលេចបាននូវភាពជោគជ័យនៃកម្មវិធី និងបង្ហាញពីឆន្ទៈនៃការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍអង្គភាពរបស់ខ្លួន តាមរយៈការប្រឡងប្រណាំង។

លោកឧបនាយករដ្ឋមន្រ្តី បន្ដថា កន្លងមក អង្គភាពដែលធ្លាប់បានចូលរួមប្រកួត ទោះបីជាមិនទទួលបានចំណាត់ថ្នាក់ល្អក្តី ក៏បានបង្ហាញពីភាពរីចម្រើនរបស់ខ្លួនជាដំណាក់កាលៗ តាមរយៈការចូលរួមប្រកួតប្រជែងនេះ ម្យ៉ាងលើការខិតខំប្រឹងប្រែងដោយខ្លួនឯង ម្យ៉ាងការទទួលបានបទពិសោធ តាមរយៈការរៀនសូត្រពីអង្គភាពផ្សេងៗទៀត។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៤ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នឹងធ្វើការវាយតម្លៃ ដោយបែងចែកជា២ វិស័យ និងតាមកម្រិតផ្សេងៗគ្នារួមមាន៖ (១)មត្តេយ្យសិក្សា និងវិទ្យាល័យ សម្រាប់វិស័យអប់រំ និង (២)មន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល៕

To Top