ព័ត៌មានជាតិ

១សប្តាហ៍កន្លងទៅនេះ ករណីក្មេងទំនើង នៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់

ភ្នំពេញ ៖ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើងនៅទូទាំងប្រទេស នៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹង តែគ្មានករណីនេះ កើតឡើងតែម្ដង។

ក្នុងរយៈពេល ៧ថ្ងៃ នៃសប្តាហ៍ទី៣នេះ មានត្រឹមជាង ១០ករណី តែប៉ុណ្ណោះដែលបានកើតឡើង ហើយជាករណី មានលក្ខណៈទ្រង់ទ្រាយ តូចតាចនៅទូទាំងប្រទេស។

ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះគឺជាទិដ្ឋភាព មួយដែលគ្រប់គ្នាចង់បាន មិនថាប្រជាពលរដ្ឋ ឬក៏អាជ្ញាធរមាន សមត្ថិកិច្ចនោះទេ ហើយក៏ជាការយកចិត្តទុក ដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ ទូទាំងប្រទេស។ ម៉្យាងទៀតក៏ជាពេលវេលាមួយដែលសង្កេតឃើញថា បណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មានការយល់ដឹងច្រើន ពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ និងបានយល់ពីទោសទណ្ឌនៃការប្រព្រឹត្តនូវទង្វើនោះ ក្នុងផ្លូវច្បាប់ទទួលបានអ្វីខ្លះត្រលប់មកវិញដល់គ្រួសារ និងសង្គមជាតិ។

លោកបន្ថែមថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ជំរុញឱ្យអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងយុវជន សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់បង្កើនការផ្សព្វផ្សាយ ជាចំណែកមួយចូលរួម ទប់ស្កាត់និងបង្ការ រាល់បទល្មើសផ្សេងៗ ទាំងក្នុងនិងក្រៅមូលដ្ឋាន ក្នុងនោះកម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានដើរតួនាទីសំខាន់ក្នុងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

សូមជម្រាបជូនថា ស្របតាមគោល នយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិស ដៅអាទិភាព ចំនួន ៦ ព្រមទាំងបានចេញ នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ បង្ការ និងបង្រ្កាបនូវរាល់បទល្មើសផ្សេងៗក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕

To Top