ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើអភិបាលខេត្តបាត់ដំបង និងអភិបាលក្រុង/ស្រុក សហការជាមួយមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ពិនិត្យលទ្ធភាព លើកផ្លាកតាំងបង្ហាញតំបន់រមណីយដ្ឋានទេសចរណ៍ នៅក្នុងខេត្តនិងនៅ តាមបណ្តាស្រុកនានា ឱ្យបានផុលផុស។
ការស្នើនេះធ្វើឡើងក្នុង ឱកាសលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការទីក្រុងបាត់ដំបង ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី នារសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ។
ឆ្លៀតឱកាសនេះ ដើម្បីធានានិរន្តរភាព ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដល់រដ្ឋបាលក្រុងបាត់ដំបង ត្រូវបន្តអនុវត្តជាប្រចាំនូវគោលការណ៍បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ឱ្យស័ក្តិសម ជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានស្នើ អភិបាលខេត្តបាត់ដំបង និងអភិបាលក្រុង/ស្រុក សហការជាមួយមន្ទីរ ទេសចរណ៍ខេត្តបាត់ដំបង ពិនិត្យលទ្ធភាព លើកផ្លាកតាំងបង្ហាញ តំបន់រមណីយដ្ឋាន ទេសចរណ៍ នៅក្នុងខេត្តនិង នៅតាមបណ្តាស្រុកនានា ឱ្យបានផុលផុស ដើម្បីផ្តល់ព័ត៌មាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្ត និងសូមចូលរួមទាំងអស់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ១) ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់!, ២) ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍! ៕