ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ អំពាវនាវ ក្រុមហ៊ុនផ្ដល់ សេវាសន្ដិសុខ ឯកជន បញ្ជូនភ្នាក់ងារ របស់ខ្លួនសហការ ជាមួយសមត្ថកិច្ច ដើម្បីចូលរួមការពារ សន្ដិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានអំពាវនាវដល់ក្រុមហ៊ុន ផ្ដល់សេវាសន្ដិសុខឯកជន ចាត់បញ្ជូនភ្នាក់ងាររបស់ខ្លួន ដើម្បីសហការ ជាមួយកម្លាំងសមត្ថកិច្ច ចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅពេលខាងមុខនេះ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកវគ្គបំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៦ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន បានលើកឡើងថា កន្លងទៅភ្នាក់ងារសន្ដិសុខឯកជន បានចូលរួមយ៉ាងសកម្ម ជាមួយកម្លាំងសមត្ថកិច្ច ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ នៃព្រះរាជពិធីនេះ ក៏ដូចជាពិធីផ្សេងៗផងដែរ ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងថា «រាជរដ្ឋាភិបាល នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នៅពេលខាងមុខនេះ ក៏បានដាក់បញ្ចូល នូវកម្លាំងភ្នាក់ងារសន្តិសុខឯកជន ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីផងដែរ ។ ហេតុនេះនាយកដ្ឋាន គ្រប់គ្រងសន្តិសុខឯកជន សូមអំពាវនាវដល់ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សូមចាត់ភ្នាក់ងារសន្តិសុខឯកជន ចូលរួមការពារ ក្នុងព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះតាមការកំណត់»។

លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានគូសបញ្ជាក់ថា វិស័យសន្តិសុខឯកជននេះ ក៏បានដើរតួនាទីជាកម្លាំង ជំនួយដល់កម្លាំងសមត្ថកិច្ច ក្នុងការចូលរួមចំណែកក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។ ការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺត្រូវផ្តើមចេញ ពីយើងទាំងអស់គ្នា ពិសេសគឺភ្នាក់ងារសន្តិសុខឯកជន ដែលនៅឈរជើងជាប់ជា ប្រចាំតាមបណ្តាគោលដៅ នានា ២៤/២៤ម៉ោង។

ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ស្នើសុំដល់កម្លាំងភ្នាក់ងារ សន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្ត គោលនយោបាយនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបង្ការទប់ស្កាត់បទល្មើស និងរាយការណ៍ដល់ សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាប បទល្មើសអោយទាន់ពេលវេលា ជាពិសេសបទល្មើស គ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌនានា។ តម្រូវឲ្យមានកិច្ចសហការឲ្យបានល្អ ជាមួយសមត្ថកិច្ចមូលដ្ឋាន ត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។

លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បន្តថា ដើម្បីឲ្យមានសមត្ថភាពក្នុងការចូលរួមបង្ការបង្ក្រាប បទល្មើសតាមគោលដៅ យើងទាំងអស់គ្នាត្រូវពង្រឹងសមត្ថភាព គឺផ្តើមចេញពីការបណ្តុះបណ្តាល ឲ្យមានការយល់ដឹងជ្រៅជ្រះ ក្នុងការអនុវត្តភារកិច្ចនេះ ៕

To Top