ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងដៃគូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រដៃគូអង្គការជាតិ អន្តរជាតិ និងវិស័យឯកជនក្នុងការរួមឆន្ទៈ រួមធនធាន រុញវិស័យកសិកម្មកម្ពុជា និងអនុវត្តកិច្ចការអភិរក្សធនធានធម្មជាតិ ប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់។
ក្នុងឱកាសនៃពិធីនេះ លោករដ្ឋមន្ត្រី បានអញ្ជើញជាសាក្ខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយដៃគូចំនួន២ គឺក្រុមហ៊ុនបៃតងកម្ពុជា (CG) និងមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF)។
បើតាម លោករដ្ឋមន្ត្រី ការចុះ MoU ជាមួយក្រុមហ៊ុនបៃតងកម្ពុជា គឺជាការងារដ៏សំខាន់ ក្នុងការជួយរក្សាស្ថេរភាព ថ្លៃវិស័យស្រូវអង្ករ នាប៉ែកពាយ័ព្យ ដែលជាបរិបទថ្មី ជួយកាត់បន្ថយចំណាយ ដើម្បីបង្កើនផលចំនេញ ទាំងកសិករ និងអ្នកប្រើប្រាស់។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលប្រើប្រាស់ពូជ និងបច្ចេកទេសច្បាស់លាស់ មានទុនក្នុងការវិនិយោគ មានទីផ្សារពិតប្រាកដ និងជំរុញពូជសែនក្រអូប ដែលជាពូជស្រូវកម្ពុជា ឱ្យកាន់តែមានសក្តានុពល ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ពាក់ព័ន្ធនឹងការងារអភិរក្សធនធានធម្មជាតិ លោករដ្ឋមន្ត្រី មានសេចក្តីសោមនស្ស រីករាយនូវការកើនឡើង ជាលំដាប់ នៃចំនួនសត្វផ្សោត ដែលជារតនសម្បត្តិរបស់កម្ពុជា ដោយក្នុងឆ្នាំ២០២៣ និង២០២៤ នេះក្រសួងបាន សហការជាមួយដៃគូ (WWF) និងដៃគូនានា ក្នុងអភិរក្សត្វផ្សោត តាមរយៈការល្បាត និងការបង្ក្រាបបទល្មើស ប្រកបដោយប្រសិទ្ធភាព ដែលជាជោគជ័យ ដ៏ធំសម្រាប់ក្រសួងកសិកម្ម។
លើសពីនេះ លោករដ្ឋមន្ត្រី បានកោតសរសើរនូវការខិតខំប្រឹងប្រែងរួមគ្នា រវាងអង្គការដៃគូ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្ទាល់ទីនោះ ដើម្បីបង្កើនការយល់ដឹងពីការថែរក្សាការពារធនធានធម្មជាតិ។
ក្នុងការងារនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកសិកម្មត្រូវការដៃគូ ដែលមានគោលដៅរួមច្បាស់លាស់ មានបច្ចេកទេសពិតប្រាកដ និងមានឆន្ទៈរួមគ្នា ដើម្បីសម្រេចនូវលទ្ធផលល្អ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី លើកទឹកចិត្តក្នុងការអនុវត្ត MoU ឱ្យមានភាពបុរេសកម្ម មានលទ្ធផលជាក់ស្តែង ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា និងមានភាពជោគជ័យរួមគ្នា ៕