ព័ត៌មានជាតិ

សម្តេចធិបតី៖ ការរៀបចំព្រឹត្តិការណ៍កីឡា ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡា បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ដូចជានយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារ ពាណិជ្ជកម្ម និងទាក់ទាញភ្ញៀវទេសចរជាដើម ។

ការលើកឡើងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” នាប្រលប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ការរៀបចំប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាពេលនេះ ជាឱកាសថ្មីមួយទៀត ដែលបានបង្ហាញពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមរួចរាល់ សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ នៅឆ្នាំ២០២៩ខាងមុខ” ។

សម្តេចធិបតី បានគូសបញ្ជាក់ថា “ការរៀបចំព្រឹត្តិការណ៍កីឡា បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ដូចជានយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារ ពាណិជ្ជកម្ម និងទាក់ទាញភ្ញៀវទេសចរជាដើម ដែលនឹងជាការខិតខំប្រឹងប្រែងរបស់កម្ពុជា យើងមួយជំហានទៀត នៅក្នុងការបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីជាតិ និងកម្លាំងសេដ្ឋកិច្ចកម្ពុជា” ។

ក្នុងនោះដែរ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកវិស័យកីឡា បានចូលរួមយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងតំបន់ និងអន្តរជាតិផងដែរ៕

To Top