ព័ត៌មានជាតិ

សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់ និងគាំទ្រការអនុវត្ត កំណែទម្រង់វិស័យកីឡា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្ត ការកំណែទម្រង់វិស័យកីឡា ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើនសមិទ្ធផលកីឡា ។

នេះជាការបញ្ជាក់របស់សម្តេច​ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” នាប្រលប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្ត ការកំណែទម្រង់វិស័យកីឡា ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើនសមិទ្ធផលកីឡា ដើម្បីទាក់ទាញឱ្យមានការគាំទ្រកាន់តែខ្លាំងក្លាវក្លា ជាពិសេសការទទួលបានជោគជ័យក្នុងការប្រកួតទាំងលក្ខណៈជាតិ និងអន្តរជាតិ” ។

សម្តេចយល់ឃើញថា ការរៀបចំប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាពេលនេះ ជាឱកាសថ្មីមួយទៀត ដែលបានបង្ហាញពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមរួចរាល់ សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ នៅឆ្នាំ២០២៩ខាងមុខ៕

To Top