វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងមាន “បញ្ហាយ៉ាងខ្លាំង” ចំពោះការអនុម័ត ច្បាប់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលនឹងហាមឃាត់ប្រតិបត្តិការ របស់ទីភ្នាក់ងារអង្គការ សហប្រជាជាតិ សម្រាប់ជនភៀស ខ្លួនប៉ាឡេស្ទីន។
លោក Miller បានលើកឡើងថា ច្បាប់ដែលបានអនុម័ត កាលពីថ្ងៃច័ន្ទ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្ត “បង្កហានិភ័យ សម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់” ដែលពឹងផ្អែកលើទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួន ប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) សម្រាប់សេវាកម្មសំខាន់ៗដូចជាការថែទាំសុខភាព និងការអប់រំ។
អ្នកនាំពាក្យបានបន្ដថា តួនាទីរបស់ UNRWA ខណៈពេលដែលមានសារៈសំខាន់មិនត្រឹមតែនៅក្នុងតំបន់ហ្គាហ្សា ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងតំបន់ West Bank និងតំបន់មជ្ឈិមបូព៌ា ដ៏ទូលំទូលាយផងដែរ ហើយមិនអាចបំពេញ ដោយនរណាម្នាក់ផ្សេងទៀតបាននោះទេ នៅពេលនេះ ទាក់ទងនឹងការផ្តល់អាហារ ទឹក និងជំនួយមនុស្សធម៌ ផ្សេងទៀតដល់ជនស៊ីវិលនៅហ្គាហ្សា ។
ដោយបញ្ជាក់ឡើងវិញនូវចំណុច ដែលរដ្ឋលេខាធិការ និងការពារជាតិអាមេរិក បានធ្វើនៅក្នុងលិខិត នាពេលថ្មីៗនេះទៅកាន់សមភាគីអ៊ីស្រាអែល លោក Miller បានបន្ដថា ប្រសិនបើអ៊ីស្រាអែលអនុវត្តច្បាប់នេះ “វាអាចនឹងមានផលវិបាក នៅក្រោមច្បាប់សហរដ្ឋអាមេរិក និងគោលនយោបាយ របស់សហរដ្ឋអាមេរិក”៕
ប្រែសម្រួល ឈូក បូរ៉ា