ព័ត៌មានជាតិ

កម្ពុជា នឹងធ្វើជាម្ចាស់ ផ្ទះរៀបចំការ ប្រកួតកីឡាយុវជន អាស៊ីនៅឆ្នាំ២០២៩

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការ ប្រកួតកីឡាយុវជន អាស៊ីនៅឆ្នាំ២០២៩ខាងមុខ ហើយការសម្រេច ធ្វើជាម្ចាស់ផ្ទះនេះ អាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើសមត្ថភាពពេញលេញ សម្រាប់រៀបចំការប្រកួតកីឡា ថ្នាក់តំបន់អាស៊ីដ៏ធំនេះ ឱ្យបានល្អ។

ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែងរួមគ្នារវាង ក្រសួងអប់រំ យុវជន និង កីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អ រៀបចំការប្រកួតកីឡាជាតិ លើកទី ៤ និង កីឡាជាតិជនពិការ លើកទី ២ នេះឡើង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវវិធានការ កំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និង កីឡា តាមរយៈការបន្តការជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការធ្វើប្រតិភូកម្មការងារ និងការផ្តល់គាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សជំនាញកីឡា និងការកែទម្រង់ការប្រកួតកីឡា ជាដើម។

សម្ដេច បន្ដថា សមិទ្ធផលជាក់ស្តែង នៅឆ្នាំ២០២៣ កន្លងទៅ ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ព្រមទាំងទទួលបានការកោតសរសើរ ពីប្រទេសក្នុងតំបន់ និងពិភពលោក ទាំងលើទិដ្ឋភាពនៃការរៀបចំ និងការទទួលបាន មេដាយពីការប្រកួតសរុបចំនួន ២៨២ គ្រឿង ដោយឈរលេខរៀងទី ៤ ក្នុងចំនួន ១១ ប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កម្ពុជាទទួលបានមេដាយសរុប ៧៣ គ្រឿង ដោយឈរលេខរៀងទី ៨ ក្នុងចំនួន ១១ ប្រទេស ក្នុងតំបន់អាស៊ាន។

សម្តេច បានលើកឡើងថា ការរៀបចំការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការលើកទី ២ នេះ ជាឱកាសថ្មីមួយទៀត ដែលបានបង្ហាញ អំពីការរីកចម្រើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមខ្លួន រួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី ៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី ៦ នៅឆ្នាំ ២០២៩។ ម៉្យាងវិញទៀត ការរៀបចំព្រឹត្តិការណ៍កីឡាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ក៏ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារ ពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ ជាដើម ដែលនេះគឺជាការខិតខំប្រឹងប្រែងរបស់កម្ពុជាមួយជំហានទៀតក្នុងការបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីភាពជាតិ និងកម្លាំងសេដ្ឋកិច្ច កម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការ ប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ ២០២៩ ហើយការសម្រេច ធ្វើជាម្ចាស់ផ្ទះនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើ សមត្ថភាពពេញលេញ និងការកៀរ គរធនធាន ចាំបាច់ និង គ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតកីឡា ថ្នាក់តំបន់អាស៊ីដ៏ធំនេះឱ្យបានល្អ និងរលូនប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ហើយក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡា យុវជនអាស៊ីឆ្នាំ ២០២៩ កម្ពុជា មានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិឱ្យទទួល បានបទ ពិសោធល្អ ក្នុងការចូលរួមការប្រកួត កីឡាយុវជន អាស៊ីឆ្នាំ ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា»៕

To Top